(ការ៉ាកាស់)៖ មន្រ្តីរដ្ឋាភិបាលវេណេស៊ុយអេឡា បានឲ្យដឹងថា ប្រធានាធិបតីលោក នីកូឡាស់ ម៉ាឌូរ៉ូ បានទទួលរងការប៉ុនប៉ងវាយប្រហារ តាមរយៈឧបករណ៍ដ្រូន (Drone) ដែលបំពាក់គ្រឿងផ្ទុះ នាអំឡុងពេលកំពុងថ្លែងសារ នៅក្នុងពិធីដង្ហែរក្បួនព្យុហយាត្រាមួយ នៅឯរដ្ឋធានីការ៉ាកាស់។ សូមទស្សនាវិដេអូ ដែលចេញផ្សាយដោយសារព័ត៌មានចិនស៊ិនហួរ និង CGTN នៅថ្ងៃទី០៥ ខែសីហា ឆ្នាំ២០១៨នេះ។
រដ្ឋមន្រ្តីក្រសួងព័ត៌មានរបស់វេណេស៊ុយអេឡា លោក Jorge Rodriguez បានប្រកាសថា ការប៉ុនប៉ងលើអាយុជីវិតរបស់លោកប្រធានាធិបតីវេណេស៊ុយអេឡា ពុំទទួលបានជោគជ័យឡើយ ហើយលោក ម៉ាឌូរ៉ូ ផ្ទាល់មិនបានរងគ្រោះថ្នាក់នោះទេ និងត្រូវបានកងការពារជម្លៀសខ្លួនចេញពីវេទិកាថ្លែងសារជាបន្ទាន់ ខណៈកងទ័ពចំនួន៧នាក់បានរងរបួស។
ផែនការខាងលើបានទទួលបរាជ័យ គឺដោយសារកម្លាំងការពារ បានបាញ់ទម្លាក់ឧបករណ៍ដ្រូនមួយគ្រឿង ដែលបានព្យាយាមវាយប្រហារមកលើកន្លែងកើតហេតុ ជាទីដែលមន្រ្តីរដ្ឋាភិបាលវេណេស៊ុយអេឡា រួមមានទាំងលោក នីកូឡាស់ ម៉ាឌូរ៉ូ មានវត្តមាន។ ជុំវិញរឿងនេះលោក ម៉ាឌូរ៉ូ បានទម្លាក់កំហុសទៅលើក្រុមស្តាំនិយមថា ជាអ្នកនៅពីក្រោយខ្នង។
គួរជម្រាបថា បើតាមសកម្មភាពក្នុងវីដេអូនៃព្រឹត្តិការណ៍ព្យុហយាត្រាខាងលើ បានបង្ហាញឲ្យឃើញថា លោកប្រធានាធិបតីវេណេស៊ុយអេឡា កំពុងតែថ្លែងសុន្ទរកថាសុខៗ ស្រាប់តែលោកនិងមន្រ្តីឯទៀតដែលឈរនៅក្បែរនោះ បានងើយមើលទៅលើ ស្របពេលដែលអ្នកចូលរួមក្នុងពិធីព្យុហយាត្រា បានរត់យ៉ាងប្រសាចចេញពីកន្លែងកើតហេតុ៕