(ឡូសអាន់ជែឡែស)៖ ការសិក្សាស្រាវជ្រាវមួយបានបង្ហាញថា ការខាតបង់សរុបនៅក្នុងវិស័យទេសចរណ៍នៃកោះហាវ៉ៃ របស់សហរដ្ឋអាមេរិក ដែលបង្កឡើងដោយការផ្ទុះភ្នំភ្លើង Kilauea ប្រហែលអាចអាចកើនដល់២០០លានដុល្លារ។ នេះបើតាមការដកស្រង់ការផ្សាយចេញពីទីភ្នាក់ងារព័ត៌មានចិន ស៊ីនហួរ នៅរសៀលថ្ងៃអាទិត្យ ទី០៥ ខែសីហា ឆ្នាំ២០១៨។
យោងតាមការសិក្សាថ្មីខាងលើ កោះហាវ៉ៃបានបាត់បង់ភ្ញៀវទេសចរប្រមាណ៣៨,០០០នាក់ រួមជាមួយចំណូលក្នុងវិស័យទេសចរណ៍ប្រហែល៥០លានដុល្លាររួចស្រេចទៅហើយ កាលពីខែឧសភា និងមិថុនាកន្លងទៅនេះ។ កោះហាវ៉ៃ ត្រូវគេវាយតម្លៃថាទំនងជាបានបាត់បង់ភ្ញៀវដែលត្រូវទៅធ្វើទេសចរណ៍ប្រមាណ១៧,០០០នាក់ និងថវិកា២២.៧ដុល្លារដែលអាចហូរចូលទៅក្នុងវិស័យទេសចរណ៍ កាលពីខែឧសភា និង២១,០០០នាក់ ព្រមទាំង២៧.៥លានដុល្លារ កាលពីខែមិថុនា ដែលជាខែខាតបង់ច្រើនជាងគេ ខណៈវិស័យកំពុងបានលូតលាស់យ៉ាងខ្លាំង នៅអំឡុង០៦ខែដំបូងនៃឆ្នាំ២០១៨។
គួរជម្រាបថា ភ្នំភ្លើង Kilauea បាននិងកំពុងបន្តផ្ទុះឡើងស្ទើរតែឥតឈប់ឥតឈរ ចាប់តាំងតែពីដើមខែឧសភា ដែលវាបានបង្ខំឲ្យបិទពីរភាគបីនៃឧទ្យានជាតិនៅលើកោះហាវ៉ៃទាំងមូល។ Kilauea គឺជាភ្នំភ្លើងដែលមានអាយុកាលតិច និងសកម្មជាងគេបំផុតមួយ នៅលើពិភពលោក៕