(ម៉ូស្គូ)៖ យន្តហោះចម្បាំងជំនាន់ថ្មី J-20 របស់ចិន ដែលមានរហស្សនាមថា «វៃឡុង (Weilong)» គឺជាយន្តហោះចម្បាំងដ៏ទំនើបបំផុតមួយនៅលើពិភពលោក ហើយវាត្រូវបានអ្នកជំនាញវាយតម្លៃថា មានសមត្ថភាពប្រហាក់ប្រហែលនឹងយន្តហោះចម្បាំង F-22 របស់សហរដ្ឋអាមេរិក។ ប៉ុន្តែថាតើ J-20 អាចប្រៀបធៀបជាមួយ F-22 បានយ៉ាងដូចម្តេចនោះ ចូរស្វែងយល់ទាំងអស់គ្នា។
យន្តហោះចម្បាំង J-20 ត្រូវបានអភិវឌ្ឍន៍ឡើងដោយក្រុមហ៊ុន Chengdu Aerospace និងចូលបម្រើការជាលើកដំបូងកាលពីឆ្នាំ២០១៧ ខណៈយន្តហោះចម្បាំងអាមេរិក F-22 Raptor ដែលត្រូវបានដាក់ឲ្យប្រើប្រាស់ជាលើកដំបូងតាំងពីឆ្នាំ២០០៥នោះ ត្រូវបានអភិវឌ្ឍន៍ឡើងដោយក្រុមហ៊ុន Lockheed Martin សម្រាប់កងទ័ពជើងអាកាសរបស់សហរដ្ឋអាមេរិក។
យន្តហោះចម្បាំងទាំងពីរគ្រឿងនេះ បង្កើតឡើងចេញពីការលាយផ្សំសមាសធាតុដែកពិសេសៗ និងមានទម្ងន់ប្រមាណ១៩,០០០គីឡូក្រាម ហើយមានទំហំក៏ដូចជាលក្ខណៈប្រហាក់ប្រហែលគ្នា។ J-20 មានបណ្តោយប្រវែង២០.៣ម៉ែត្រ និងប្រវែងពីចុងស្លាបម្ខាងទៅម្ខាងគឺ១២.៩ម៉ែត្រ។ ចំណែកឯ F-22 មានបណ្តោយប្រវែង១៩ម៉ែត្រ និងពីស្លាបម្ខាងទៅម្ខាងមានប្រវែង១៣.៦ម៉ែត្រ។ យន្តហោះ J-20 និង F-22 មានទម្ងន់ស្រដៀងគ្នាគឺ១៩,០០០គីឡូក្រាម ខណៈ F-22 អាចហោះឡើងជាមួយទម្ងន់អតិប្បរមា៣៨,០០០គីឡូក្រាម ដែលច្រើនជាង J-20 បន្តិច។
យន្តហោះចម្បាំងទាំងពីរគ្រឿង មានល្បឿនជាអតិបរមាលឿនជាងល្បឿនសំឡេង គឺដល់ទៅ២,៤៧០គីឡូម៉ែត្រក្នុងមួយម៉ោងឯណោះ។ ទាក់ទិននឹងរយៈចម្ងាយសម្រាប់ការប្រយុទ្ធវិញ F-22 អាចធ្វើការប្រយុទ្ធបានក្នុងចម្ងាយ៨០០គីឡូម៉ែត្រ ខ្លីជាងចម្ងាយប្រយុទ្ធរបស់ J-20 គឺប្រហែល១,១០០គីឡូម៉ែត្រ ដោយសារមានបេនសាំងធំជាង។
យន្តហោះ F-22 មានបំពាក់ម៉ាស៊ីនធុន G199-PW-100 ដែលភ្ជាប់មកជាមួយនូវលក្ខណៈពិសេស សម្រាប់ឲ្យយន្តហោះចម្បាំងនេះ ធ្វើការហោះហើរបត់បែតក្នុងលក្ខណៈផ្សេងៗបាន ជាមួយល្បឿនលឿនជាងសំឡេង។ ដោយឡែក ចិន មិនទាន់អាចអភិវឌ្ឍន៍ម៉ាស៊ីនទំនើបប្រភេទ Turbofan នេះបាននៅឡើយទេ ដោយសារតែបញ្ហាពន្យារពេល ប៉ុន្តែ J-20 ត្រូវគេរំពឹងថានឹងអាចបំពាក់ម៉ាស៊ីនថ្មី WS-15 នៅឆ្នាំក្រោយនេះ ដែលនឹងជួយលើកកម្ពស់សមត្ថភាពធ្វើចលនា និងបំបាំងកាយ (ការពារពីប្រព័ន្ធរ៉ាដា) របស់យន្តហោះចម្បាំងនេះបានមួយកម្រិតធំ។ ខណៈសមត្ថភាពបំបាំងកាយនៅផ្នែកខាងមុខ និងពីចំហៀងរបស់ J-20 ត្រូវគេអះអាងថាជាលំដាប់កំពូលនោះ J-20 ត្រូវគេជឿជាក់ថាងាយនឹងត្រូវរ៉ាដាចាប់បានពីផ្នែកខាងក្រោយរបស់វាជាង F-22។
យន្តហោះចម្បាំងទាំងពីរ សុទ្ធតែស្តុកអាវុធនៅក្នុងថតបិទជិតរៀងៗគ្នា។ J-20 អាចផ្ទុកមីស៊ីលប្រភេទពីអាកាសទៅអាកាស បានចំនួន០៦គ្រាប់ រួមជាមួយមីស៊ីលចម្ងាយឆ្ងាយ ឬ ក៏មីស៊ីលប្រដេញ LS-6 ។ រីឯ F-22 អាចផ្ទុកមីស៊ីលចម្ងាយខ្លីឬមធ្យម ដែលមានប្រភេទពីផ្ទៃអាកាសទៅផ្ទៃអាកាសបាន០៨គ្រាប់ បន្ថែមពីលើម៉ាស៊ីនកាំភ្លើង M61 Vulcan និងគ្រាប់បែក០៤គ្រាប់។ យន្តហោះទាំងពីរ ក៏មានបរិក្ខាទំនើបៗផ្សេងទៀតផងដែរ ដែលក្នុងនោះមានទាំងឧបករណ៍សង្កេតការណ៍ និងចាប់សញ្ញាគោលដៅ នៅក្រោមគ្រប់លក្ខខណ្ឌអាកាសធាតុទាំងអស់។ មកដល់រឿងតម្លៃវិញ គឺវាមានភាពខុសគ្នាច្រើន ដោយ F-22 មួយគ្រឿងថ្លៃ៣៩៩លានដុល្លារ ខណៈ J-20 មួយគ្រឿងថ្លៃចន្លោះពី១០០ទៅ១១០លានដុល្លារ។
គួរជម្រាបថា សរុបសេចក្តីមក បើតាមក្រុមអ្នកជំនាញលើវិស័យយោធា ខណៈដែលយន្តហោះចម្បាំងកំពូលៗទាំងពីរនេះ មើលទៅប្រហាក់ប្រហែលគ្នាក្នុងផ្នែករចនានិងសមត្ថភាព F-22 នៅតែមានលក្ខណៈប្រសើរជាង J-20 បន្តិច ដោយសារតែម៉ាស៊ីនដ៏ទំនើបរបស់វា ប៉ុន្តែតាមរយៈការបំពាក់ម៉ាស៊ីនថ្មី WS-15 នៅឆ្នាំក្រោយទៅឲ្យ J-20 ភាពខុសគ្នាប្រហែលជាមិនឆ្ងាយប៉ុន្មានឡើយ៕
ប្រភព៖ Sputnik