(វ៉ាស៊ីនតោន)៖ សារព័ត៌មានអាមេរិកបានចេញផ្សាយថា ប្រធានាធិបតីសហរដ្ឋអាមេរិកលោក ដូណាល់ ត្រាំ បានបញ្ជូនលិខិតមួយច្បាប់ តបទៅកាន់លិខិតដែលទើបផ្ញើមកដោយលោក គីម ជុងអ៊ុន មេដឹកនាំកំពូលកូរ៉េខាងជើង ខណៈដែលស្ថានការណ៍ពេលនេះកំពុងតែក្តៅគគុក ដោយសាររបាយការណ៍បកអាក្រាតពីសកម្មភាពលួចលាក់ល្មើសច្បាប់អន្តរជាតិរបស់កូរ៉េខាងជើង ត្រូវបានបញ្ជូនទៅកាន់អង្គការសហប្រជាជាតិរួចទៅហើយ។ នេះបើតាមការចេញផ្សាយដោយ បណ្តាញព័ត៌មានទាន់ហេតុការណ៍ នាល្ងាចថ្ងៃសៅរ៍ ទី០៤ ខែសីហា ឆ្នាំ២០១៨។
សម្រាប់លិខិតមួយច្បាប់របស់លោក ត្រាំ នេះត្រូវបានបញ្ជូនទៅដល់ដៃរដ្ឋមន្ត្រីការបរទេសកូរ៉េខាងជើង ដើម្បីនាំយកទៅជូនលោក គីម ជុងអ៊ុន។ ដោយឡែកនៅក្នុងលិខិតរបស់លោក គីម ជុងអ៊ុន នោះគឺបានបញ្ជាក់សាជាថ្មីឡើងវិញ អំពីការប្តេជ្ញាចិត្តទាំងឡាយរបស់កូរ៉េខាងជើង នៅក្នុងការលុបបំបាត់អាវុធនុយក្លេអ៊ែរ ចេញពីតំបន់ឧបទ្វីបកូរ៉េ។
គួរបញ្ជាក់ថា បន្ទាប់ពីការប្រកាសដោយសេតវិមាន លោក ដូណាល់ ត្រាំ ក៏បានសរសេរបង្ហោះនៅក្នុង Twitter របស់លោកផងដែរថា លោកបានទទួលលិខិតមួយច្បាប់ ផ្ញើពីមេដឹកនាំកូរ៉េខាងជើងលោក គីម ជុងអ៊ុន៕