(វ៉ាស៊ីនតោន)៖ មន្ទីរពិសោធន៍ JPL របស់អង្គការ និងនាយកផ្នែកគំរោងព័ត៌មានអំពីនុយក្លេអ៊ែរសម្រាប់សហព័ន្ធអ្នកវិទ្យាសាស្ត្រអាមេរិក NIPFA បានបង្ហើបឲ្យដឹងថា អាចម៍ផ្កាយមួយដុំបានផ្ទុះយ៉ាងកក្រើក នៅពីលើមូលដ្ឋានទ័ពអាកាសអាមេរិក ធូឡេ (Thule) ស្ថិតនៅលើកោះគ្រីនឡេនដ៍ (Greenland) ដែលជាកម្មសិទ្ធិរបស់ដាណឺម៉ាក ជាប់ប៉ូលខាងជើងភពផែនដី។ នេះបើតាមការចេញផ្សាយដោយ Sputnik នារសៀលថ្ងៃសៅរ៍ ទី០៤ ខែសីហា ឆ្នាំ២០១៨។
មូលដ្ឋានទ័ពអាកាស Thule របស់អាមេរិកខាងលើនេះ គឺមានតួនាទីក្នុងការការពារដែនអាកាសនៅក្នុងតំបន់ភាគខាងជើងមហាសមុទ្រអាត្លង់ទិក ដែលជាតំបន់យុទ្ធសាស្ត្រដ៏សំខាន់មួយដែររបស់សហរដ្ឋអាមេរិក។ ទោះបីជា JPL និង NIPFA បានរាយការណ៍ថា មានអាចម៍ផ្កាយបានផ្ទុះក្នុងដែនអាកាសមានកម្លាំងផ្ទុះ ២.១គីឡូតោន ពីលើមូលដ្ឋានទ័ព Thule ក៏ដោយ ក៏ផ្នែកបញ្ជាការទូទៅរបស់ Thule មិនទាន់អាចបញ្ចេញរបាយការណ៍ណាមួយអំពីការអះអាងនេះនៅឡើយទេ។
ព័ត៌មានបន្ថែមទៀតឲ្យដឹងថា អាចម៍ផ្កាយខាងលើនេះត្រូវបានក្រុមជំនាញតាមដានវត្ថុអវកាសអាមេរិកអះអាងថា បានផ្ទុះនៅរយៈកម្ពស់ ៤៣គីឡូម៉ែត្រ ពីលើមូលដ្ឋានទ័ពអាកាស Thule នៅលើកោះហ្គ្រីនឡេនដ៍។ ទោះបីជាបែបនេះក្តី JPL និង NIPFA បានអះអាងថា ការចេញមុនប្រកាសជាមុននេះ គឺដើម្បីកុំឲ្យមានការភ័ន្តច្រឡំថា វាជាការវាយប្រហារដំបូងពីសំណាក់ប្រទេសរុស្ស៊ីនោះ ប៉ុន្តែនៅមូលដ្ឋានទ័ពអាកាសនេះ មានគ្រាប់បែកនុយក្លេអ៊ែរជិត ២,០០០គ្រាប់ ត្រូវបានត្រៀមទុករួមជាស្រេចទៅហើយ និងអាចបាញ់បានគ្រប់ពេលវេលា។
គួរបញ្ជាក់ថា អាចម៍ផ្កាយដែលបានផ្ទុះនៅក្នុងផ្ទៃអាកាសនោះ ត្រូវបានមន្ទីរពិសោធន៍របស់អង្គការ NASA អះអាងថា បានធ្វើដំណើរយ៉ាងលឿនចូលមកបរិយាកាសផែនដីនៅក្នុងល្បឿន ២៤.៤គីឡូម៉ែត្រក្នុងមួយវិនាទី ហើយក៏ត្រូវបញ្ចប់ជីវិតនៅត្រង់ចំណុចពីលើផ្ទៃអាកាសនៃមូលដ្ឋានទ័ពអាកាសអាមេរិក Thule នោះតែម្តង។ សម្រាប់ទំហំនៃអាចម៍ផ្កាយនោះ គឺមិនទាន់មានការបញ្ជាក់នោះឡើយ៕