(យូអិន)៖ កូរ៉េខាងជើងបាន និងកំពុងបង្កើនការលក់ប្រេងដោយខុសច្បាស់នៅឯសមុទ្រ ដោយរំលោភលើទណ្ឌកម្មរបស់អង្គការសហប្រជាជាតិ (UN) ហើយមិនតែប៉ុណ្ណោះរបបដឹកនាំកុម្មុយនិស្ដនេះ ថែមទាំងបានជួលឈ្មួញកណ្ដាលស៊ីរីម្នាក់ឱ្យជួយលក់អាវុធរបស់ខ្លួនទៅកាន់ប្រទេសយ៉េមែន និងលីប៊ីទៀតផង។ នេះបើតាមរបាយការណ៍ UN ដកស្រង់ដោយសារព័ត៌មាន Channel News Asia នៅរសៀលថ្ងៃសៅរ៍ ទី០៤ ខែសីហា ឆ្នាំ២០១៨។
នៅក្នុងរបាយការណ៍មានកម្រាស់ ៦២ទំព័រ ដែលផ្ញើទៅកាន់ក្រុមប្រឹក្សាសន្តិសុខ UN នៅថ្ងៃសុក្រសប្ដាហ៍នេះ ក្រុមអ្នកជំនាញUN ក៏បានអះអាងដែរថា ទីក្រុងព្យុងយ៉ាង បានរំលោភលើទណ្ឌកម្ម UN ជាច្រើនទៀត ក្នុងនោះរួមមានការនាំចេញធ្យូងថ្ម ដែក អាហារសមុទ្រ និងផលិតផលជាប់បម្រាមដទៃទៀត ដែលបានរកប្រាក់ចំណូលឱ្យរបបដឹកនាំលោក គីម ជុងអ៊ុន រាប់លានដុល្លារ។
គួរជម្រាបជូនដែរថា ឈ្មួញកណ្ដាលស៊ីរីម្នាក់ដែលកូរ៉េខាងជើង ជួលឱ្យជួយលក់អាវុធទៅកាន់ប្រទេសលីប៊ី និងយ៉េមែនត្រូវបានគេកំណត់អត្តសញ្ញាណឈ្មោះថា ហ៊ូស្សេន អាល់អាលី (Hussein Al-Ali)។ បន្ថែមពីលើនេះយោងតាមរបាយការណ៍ខាងលើដដែល កូរ៉េខាងជើងនៅតែ បន្តលួចលាក់អភិវឌ្ឍន៍បច្ចេកវិទ្យាមីស៊ីលឆ្លងទ្វីប និងអាវុធនុយក្លេអ៊ែររបស់ខ្លួន បើទោះជាបានសន្យាថា នឹងបញ្ឈប់កម្មវិធីទាំងនេះក៏ដោយ៕