(វ៉ាស៊ីនតោន)៖ ក្រុមអង្គការភេរវករអន្តរជាតិថ្មីមួយទៀត ដែលទំនងដូចជាពួក ISIS អាចនឹងលេចរូបរាងនៅក្នុងប្រទេសអ៊ីរ៉ាក់ បើសិនជាប្រទេសមួយនេះមិនព្រមធ្វើកំណែទម្រង់សង្គម និងនយោបាយទេនោះ។ នេះបើតាមលោក ឌួក្លាស ផេដហ្គេត (Douglas Padgett) ដកស្រង់ដោយសារព័ត៌មាន Sputnik នៅរសៀលថ្ងៃសៅរ៍ ទី០៤ ខែសីហា ឆ្នាំ២០១៨។
ថ្លែងនៅឯវិទ្យាសា្ថន ហ៊ូដសុន (Hudson Institute) ក្នុងទីក្រុងវ៉ាស៊ីនតោនឌីស៊ី នៅថ្ងៃសុក្រសប្ដាហ៍នេះ លោក Douglas Padgett ដែលជាទីប្រឹក្សាជាន់ខ្ពស់ក្រសួងការបរទេសអាមេរិក បានគូសបញ្ជាក់យ៉ាងដូច្នេះថា «ច្បាស់ណាស់យើងបានបង្ក្រាបពួក ISIS ប៉ុន្តែជាថ្មីម្ដងទៀត លក្ខខណ្ឌនយោបាយ លក្ខខណ្ឌសង្គម លក្ខខណ្ឌវប្បធម៌ កង្វះខាតការទទួលខុសត្រូវ ព្រមទាំងកង្វះខាតការផ្សះផ្សាជាតិក្នុងបច្ចុប្បន្ននៅក្នុងប្រទេសអ៊ីរ៉ាក់ អាចនឹងធ្វើឱ្យក្រុមអង្គការភេរវករអន្តរជាតិថ្មីមួយទៀត ដែលទំនងដូចជាពួក ISIS នឹងលេចរូបរាងនៅក្នុងប្រទេសអ៊ីរ៉ាក់ បើសិនជាប្រទេសមួយនេះមិនព្រមធ្វើកំណែទម្រង់ទេនោះ»។
គួររំលឹកថា សហរដ្ឋអាមេរិកបានដឹកប្រជាធិបតេយ្យរាប់ម៉ឺនតោន ទៅទម្លាក់ប្រទេសអ៊ីរ៉ាក់ តាមរយៈការឈ្លានពានផ្ដួលរំលំរបបដឹកនាំផ្ដាច់ការ សាដាម ហូសេន កាលពីឆ្នាំ២០០៣។ ប៉ុន្តែក្រោយ របបដឹកនាំនេះដួលរលំ ទីក្រុងវ៉ាស៊ីនតោនបែរជាបរាជ័យក្នុងការ រៀបចំសណ្ដាប់ធ្នាប់ឡើងវិញឱ្យប្រជាជនអ៊ីរ៉ាក់ ខណៈសកម្មភាពឧទ្ទាម និងអំពើហិង្សាចេះតែកើតមានជាបន្តបន្ទាប់ រហូតមកទល់ពេលបច្ចុប្បន្នបើទោះជា ISIS ដួលរលំក៏ដោយ៕