(ម៉ូស្គូ)៖ ក្រុមអ្នកវិទ្យាសាស្រ្តនៃប្រទេសរុស្ស៊ី កំពុងគ្រោងនឹងបញ្ចូនយានអវកាសមួយគ្រឿង ដែលមានផ្ទុកពពួកសារពាង្គកាយតូច (Microorganism) ទៅកាន់ព្រះច័ន្ទ Phobos របស់ភពអង្គារ (Mars) ហើយនាំយកពួកវាត្រឡប់មកផែនវិញ ដើម្បីសិក្សាពីការប្រែប្រួលណាមួយ ដែលអាចកើតមានឡើងនៅអំឡុងពេលធ្វើដំណើរក្នុងបេសកកម្មនេះ។ នេះបើតាមការដកស្រង់ការផ្សាយចេញពីសារព័ត៌មានរុស្ស៊ី Sputnik នៅរសៀលថ្ងៃសៅរ៍ ទី០៤ ខែសីហា ឆ្នាំ២០១៨។
បើតាមប្រធានមន្ទីរពិសោធន៍ ផ្នែកសិក្សាទៅលើពពួកមីក្រូសារពាង្គកាយ នៃបណ្ឌិតសភាវិទ្យាសាស្រ្តរបស់ប្រទេសរុស្ស៊ី លោកស្រី Natalya Novikova គម្រោងខាងលើនេះ នឹងត្រូវប្រព្រឹត្តទៅក្រោមផ្នែកនៃបេសកកម្មឈ្មោះថា Bumerang។ លោកស្រី Novikova បានបញ្ជាក់ថា បេសកកម្ម Bumerang គឺជាការបង្កើតឡើងវិញនូវអតីតបេសកកម្ម Fobos-Grunt ដែលការបញ្ជូនបេសកកម្មប្រមូលគំរូតាងទៅកាន់ព្រះច័ន្ទ Phobos ប៉ុន្តែគោលដៅរបស់ Bumerang គឺបញ្ជូនយានមានផ្ទុកមីក្រូសារពាង្គកាយ ហើយនាំយកវាមកវិញដើម្បីសិក្សាលើការប្រែប្រួល។
គួរជម្រាបថា កាលពីខែវិច្ឆិកា ឆ្នាំ២០១១ រុស្ស៊ីបានព្យាយាមចាប់ផ្តើមបេសកកម្ម Fobos-Grunt ឬ Phobos-Grunt ទៅកាន់ព្រះច័ន្ទ Phobos របស់ភពអង្គារ ប៉ុន្តែក្រោយពីបានឡើងទៅដល់គន្លងផែនដី យានអវកាសនេះពុំអាចបញ្ឆេះម៉ាស៊ីនវាបានឡើយ។ រយៈពេល ០២ខែក្រោយមក វាក៏បានចាប់ផ្តើមធ្លាក់ចុះមកបរិយាកាសផែនដីវិញ ហើយធ្លាក់ទៅក្នុងមហាសមុទ្រប៉ាស៊ីហ្វិក៕