(ញូដេលី)៖ រដ្ឋាភិបាលឥណ្ឌានៅថ្ងៃសៅរ៍នេះបានអះអាងថា ការដំឡើងពន្ធដ៏ខ្ពស់ថ្មីមួយប្រឆាំងនឹងផលិតផលមួយចំនួននាំចូលពី សហរដ្ឋអាមេរិក នឹងត្រូវចូលជាធរមាននៅថ្ងៃទី១៨ ខែកញ្ញាខាងមុខនេះ។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន Channel News Asia នៅរសៀលថ្ងៃសៅរ៍ ទី០៤ ខែសីហា ឆ្នាំ២០១៨។
ឥណ្ឌាដែលកំពុងមានជម្លោះពាណិជ្ជកម្ម ជាមួយទីក្រុងវ៉ាស៊ីនតោនដែរនោះ បានសម្រេចចិត្តដំឡើងពន្ធកាលពីខែមិថុនា លើផលិតមួយចំនួនដែលនាំចូលពីសហរដ្ឋអាមេរិក ក្នុងនោះរួមមានដូចជាផ្លែអាល់ម៉ុន (almonds), សណ្តែក (walnuts) និងផ្លែប៉ោម (apples) ជាដើម។ ជម្លោះពាណិជ្ជកម្មរវាងឥណ្ឌា និងសហរដ្ឋអាមេរិក បានផ្ទុះឡើងចាប់តាំងពីលោក ដូណាល់ ត្រាំ ជាប់ឆ្នោតជាប្រធានាធិបតីអាមេរិក កាលពីឆ្នាំ២០១៦ ជាពេលដែលពាណិជ្ជកម្មទ្វេភាគីរវាងប្រទេសទាំងពីរកើនដល់ ១១៥ពាន់លានដុល្លារ។
ប៉ុន្តែរដ្ឋបាលលោក ដូណាល់ ត្រាំ ចង់កាត់បន្ថយឱនភាពពាណិជ្ជកម្មរបស់ខ្លួនជាមួយឥណ្ឌា ៣១ពាន់លានដុល្លារ ខណៈកំពុងដាក់សម្ពាធលើទីក្រុងញូដេលី បន្ធូរបន្ថយរបាំងពាណិជ្ជកម្ម។ សម្រាប់ការប្រកាសដំឡើងពន្ធរបស់ឥណ្ឌានេះ គឺកើតមានឡើងក្នុងថ្ងៃតែមួយដែលប្រទេសចិន បានព្រមានដំឡើងពន្ធ ៦០ពាន់លានដុល្លារ តបទៅវិញ ប្រសិនបើអាមេរិកហ៊ានដំឡើងពន្ធក្នុងតម្លៃ ២០០ពាន់លានដុល្លារ លើទំនិញចិននោះ៕