(ម៉ូស្គូ)៖ ឧទ្ធម្ភាគចក្រប្រភេទ Mi-8 មួយគ្រឿងដឹកអ្នក​ដំណើរជាច្រើននាក់ បានធ្លាក់នៅ​ទីក្រុង ក្រាសណូយ៉ាសក៍ (Krasnoyarsk) នៃតំបន់ស៊ីបេរី ប្រទេសរុស្ស៊ី ដោយផ្ដាច់ជីវិត​មនុស្ស ១៨នាក់។ នេះបើតាមការ​ចេញដោយ​សារព័ត៌មាន CGTN នៅព្រឹកថ្ងៃសៅរ៍ ទី០៤ ខែសីហា ឆ្នាំ២០១៨។

ជាមួយគ្នានោះដែរ បើតាមសេចក្ដី​រាយការណ៍ពីអាជ្ញាធរ​នៅក្នុងតំបន់ ឧទ្ធម្ភាគចក្រជា​កម្មសិទ្ធិរបស់​ក្រុមហ៊ុន យូធ៊ែរ អ៊ែរឡាញ (Utair airline) និងផ្ទុកអ្នកដំណើរ ១៥នាក់ និងសមាជិកអកាស​យានិក ០៣នាក់ ហើយវាត្រូវ​បានគេរាយការណ៍​ថា បានដឹកកម្មករ​ជាច្រើននាក់​ទៅកាន់ អណ្ដូងប្រេងមួយកន្លែង​នៅក្នុង​តំបន់។

ប៉ុន្តែមូលហេតុធ្លាក់​មិនទាន់ត្រូវបានគេបញ្ជាក់​នៅឡើយ​ទេ ដោយគ្រាន់​តែគេដឹងថា ឧទ្ធម្ភាគចក្រ Mi-8 ខាងលើ​បានធ្លាក់នៅ​ម៉ោង​ប្រមាណជា ១០៖២០នាទីព្រឹក​ថ្ងៃសៅរ៍នេះ (ម៉ោងនៅក្នុងតំបន់) ក្រោយហោះ​ឡើងបាន​បន្តិច៕