(ញូយ៉ក)៖ របាយការណ៍ដ៏ទុកចិត្តមួយរបស់អង្គការសហប្រជាជាតិ (UN) បានឱ្យដឹងថា កូរ៉េខាងជើងមិនបានបញ្ឈប់ការអភិវឌ្ឍអាវុធនុយក្លេអ៊ែរ និងមីស៊ីលរបស់ខ្លួនឡើយ ហើយដែលនេះគឺជាការរំលោភពានលើទណ្ឌកម្ម UN។ នេះបើតាមការចេញផ្សាយ ដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅព្រឹកថ្ងៃសៅរ៍ ទី០៤ ខែសីហា ឆ្នាំ២០១៨។
យោងតាម Reuters ដែលបានមើលឃើញរបាយការណ៍នេះបានបញ្ជាក់ទៀតថា វាគឺជារបាយការណ៍រយៈពេល ០៦ខែ ចងក្រង ឡើងដោយអ្នកជំនាញឯករាជ្យ ដែលកំពុងឃ្លាំមើលអនុវត្តន៍ទណ្ឌកម្មរបស់ UN ហើយរបាយការណ៍នេះដដែលត្រូវបានដាក់ជូន គណៈកម្មាធិការដាក់ទណ្ឌកម្ម នៃក្រុមប្រឹក្សាសន្តិសុខ UN កាលពីថ្ងៃសុក្រ។ ប៉ុន្តែភ្លាមៗ តំណាងកូរ៉េខាងជើងប្រចាំ UN មិនទាន់ធ្វើអត្ថាធិប្បាយណាមួយនៅឡើយទេ។
គួររំលឹកថា កាលពីសប្ដាហ៍មុន មន្ត្រីជាន់ខ្ពស់អាមេរិកម្នាក់ បាននិយាយថាផ្កាយរណបស៊ើបការណ៍របស់សហរដ្ឋអាមេរិក ចាប់បានសញ្ញានៃការធ្វើសកម្មភាពសាជាថ្មីនៅឯរោងចក្រកូរ៉េខាងជើងដែលផលិតមីស៊ីលឆ្លងទ្វីប ICBM ដែលមានសមត្ថភាពបាញ់ដល់ទឹកដីសហរដ្ឋអាមេរិក។
មន្ត្រីជាន់ខ្ពស់អាមេរិករូបនេះ បានប្រាប់ Reuters នៅក្នុងលក្ខខណ្ឌមិនបញ្ចេញឈ្មោះថា រូបភាពថតដោយផ្កាយរណបបានបង្ហាញ ថាយានយន្ដជាច្រើនបាន និងកំពុងធ្វើសកម្មភាពចេញ និងចូលក្នុងរោងចក្រផលិតផលមីស៊ីល ICBM នៅឯតំបន់ សានុំដុង (Sanumdong) ប៉ុន្តែមិនបានបញ្ជាក់ថា តើការផលិតមីស៊ីលនេះមានការជឿនលឿនដល់កំរិតណានោះទេ។ មន្ត្រីរូបនេះដដែលបានបញ្ជាក់ទៀតថា ផ្អែកលើរូបភាពមួយក្នុងចំណោមរូបភាពជាច្រើន ថតដោយផ្កាយរណប រថយន្ដធុនធ្ងន់មួយគ្រឿងហាក់ដូចជាត្រូវបានកូរ៉េខាងជើង ប្រើប្រាស់ដើម្បីចល័តគ្រាប់មីស៊ីល ដូចដែលខ្លួនធ្លាប់បានធ្វើកាលពីលើកមុនៗ៕