(សិង្ហបុរី)៖ រដ្ឋមន្ត្រីការបរទេសអាមេរិកលោក ម៉ៃក៍ ប៉ុមប៉េអូ (Mike Pompeo) បានអំពានាវឱ្យអន្តរជាតិបន្តរក្សាការដាក់សម្ពាធ និងទណ្ឌកម្មប្រឆាំងនឹងកូរ៉េខាងជើង ដែលត្រូវបានគេរាយការណ៍ថា នៅតែបន្តលួចលាក់ផលិតមីស៊ីលអន្តរទ្វីប ICBM បើទោះជា
ស្ថានភាពលើឧបទ្វីបកូរ៉េកំពុងមានភាពធូរស្រាលក៏ដោយ។ នេះបើតាមទីភ្នាក់ងារសារព័ត៌មានបារំាង AFP នៅព្រឹកថ្ងៃសៅរ៍ ទី០៤ ខែសីហា ឆ្នាំ២០១៨។
លោក ប៉ុមប៉េអូ ថ្លែងបែបនេះនៅមុនពេលត្រូវចូលរួមប្រជុំក្នុងវេទិកាសន្តិសុខថ្នាក់តំបន់ ក្នុងប្រទេសសិង្ហបុរីនៅថ្ងៃសៅរ៍នេះ និងបន្ទាប់ពីលោកផ្ទាល់បានអះអាងថា លោកជឿជាក់ថា កូរ៉េខាងជើងមានការប្ដេជ្ញាចិត្តរំសាយអាវុធនុយក្លេអ៊ែរ តាមការសន្យា នៅក្នុងជំនួបកំពូលរវាងលោក គីម ជុងអ៊ុន និងលោក ដូណាល់ ត្រាំ នៅសិង្ហបុរីកាលពីខែមិថុនា។ ប៉ុន្តែមកទល់នឹងពេលនេះ កូរ៉េខាងជើងនៅតែត្រូវបានប្រព័ន្ធផ្សព្វផ្សាយលោកខាងលិច រាយការណ៍ថា នៅតែបន្តលួចលាក់អភិវឌ្ឍមីស៊ីលឆ្លងទ្វីបដដែល។
គួរបញ្ជាក់ថា ជុំវិញសំណុំរឿងកូរ៉េខាងជើងនេះដែរ កាលពីថ្ងៃសុក្រសហរដ្ឋអាមេរិកបានសម្រេចដាក់ទណ្ឌកម្មទៅលើធនាគារមួយរបស់រុស្ស៊ី រួមទាំងបុគ្គលម្នាក់ និងក្រុមហ៊ុនចំនួនពីរដែលបានលួចធ្វើជាទីកន្លែងដោះដូរហិរញ្ញវត្ថុ ដល់កូរ៉េខាងជើង៕