(សិង្ហបុរី)៖ រដ្ឋមន្ត្រីការបរទេសអាមេរិកលោក ម៉ៃក៍ ប៉ុមប៉េអូ (Mike Pompeo) នៅថ្ងៃសៅរ៍នេះបានសន្យាថា ទីក្រុងវ៉ាស៊ីនតោននឹងផ្ដល់ជំនួយផ្នែកសន្តិសុខថ្មីជិត ៣០០លានដុល្លារសម្រាប់តំបន់អាស៊ីអាគ្នេយ៍។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅព្រឹកថ្ងៃសៅរ៍ ទី០៤ ខែសីហា ឆ្នាំ២០១៨។
លោក ប៉ុមប៉េអូ ធ្វើការកត់សម្គាល់បែបនេះប្រាប់អ្នកសារព័ត៌មាននាឱកាសចូលរួមក្នុងកិច្ចប្រជុំថ្នាក់រដ្ឋមន្ត្រីការបរទេស រៀបចំឡើងនៅសិង្ហបុរី។ សហរដ្ឋអាមេរិកនៅដើមសប្ដាហ៍នេះក៏បានសន្យាដែរថា នឹងវិនិយោគប្រាក់ជាង ១១៣លានដុល្លារក្នុងវិស័យបច្ចេកវិទ្យា ថាមពល និងហេដ្ឋារចនាសម្ព័ន្ធនៅតំបន់អាស៊ី។
ក៏ប៉ុន្តែអ្វីដែលសំខាន់ការសន្យារបស់សហរដ្ឋអាមេរិកនៅពេលនេះ ធ្វើឡើងនៅក្នុងបរិបទដែលចិន កំពុងពង្រីកឥទ្ធិពលរបស់ខ្លួនកាន់តែខ្លាំងនៅក្នុងតំបន់អាស៊ី តាមរយៈការវិនិយោគ និងផ្ដលជំនួយរាប់ពាន់លានយ័ន ឱ្យបណ្ដាប្រទេសនៅក្នុងតំបន់ ក្រោមក្របខណ្ឌនៃគោលនយោបាយសេដ្ឋកិច្ចខ្សែក្រវាត់ និងផ្លូវ៕