(ប៉េកាំង)៖ ក្រសួងពាណិជ្ជកម្មចិន​បានព្រមានថា ទីក្រុងប៉េកាំង បានត្រៀមខ្លួនរួច​ជាស្រេចក្នុងការដំឡើងពន្ធលើផលិតផលនាំចូល ពីសហរដ្ឋអាមេរិក​ដែលមានតម្លៃជាង ៦០ពាន់លានដុល្លារ បើសិនជាទីក្រុង​វ៉ាស៊ីនតោន​នៅតែបន្តដំឡើងពន្ធនាំចូល​លើផលិត ផលចិន។ នេះបើតាមការ​ចេញផ្សាយដោយ​សារព័ត៌មាន CGTN នៅព្រឹកថ្ងៃសៅរ៍ ទី០៤ ខែសីហា ឆ្នាំ២០១៨។

ការព្រមានបែបនេះ​របស់ក្រសួង​ពាណិជ្ជកម្មចិន ធ្វើឡើងនៅ​ក្នុងសេចក្ដីថ្លែងការណ៍​មួយ ចេញផ្សាយ​នៅថ្ងៃសុក្រសប្ដាហ៍នេះ បន្ទាប់ពី​ប្រធានាធិបតី​អាមេរិកលោក ដូណាល់ ត្រាំ ត្រូវបាន​គេរាយការណ៍ថា នឹងដំឡើងពន្ធលើផលិតផលនាំចូលពីចិន ដែលមាន​តម្លៃជាង ២០០ពាន់លានដុល្លារ។ តែទោះជាយ៉ាងនេះក្ដី ទីក្រុងប៉េកាំងនៅតែបង្ហាញ​ពីបំណង​បើកទ្វារចរចាដោះស្រាយជម្លោះ ពាណិជ្ជកម្មជាមួយសហរដ្ឋអាមេរិកដដែល។

ក្រសួងពាណិជ្ជកម្ម​បានគូសបញ្ជាក់​យ៉ាងដូច្នេះថា «ចិនតែងតែជឿជាក់ថា ការប្រឹក្សា យោបល់ឈរលើមូលដ្ឋានគោរពគ្នា ស្មើភាព និងការផ្ដល់ផលប្រយោជន៍​ឱ្យគ្នាទៅវិញទៅមក គឺជាមធ្យោបាយ​ដ៏មានប្រសិទ្ធិភាព ដើម្បីដោះស្រាយ​ជម្លោះពាណិជ្ជកម្ម​បច្ចុប្បន្ន»។

គួរបញ្ជាក់ថា បើតាមក្រសួង​ពាណិជ្ជកម្មគំរោងដំឡើងពន្ធរបស់ចិន អាចនឹងត្រូវធ្វើឡើង​ចន្លោះពី ០៥ភាគរយ ដល់ ២៥ភាគរយ ហើយវាមាន​គោលដៅលើ​ផលិតផល​អាមេរិក ៥,០២៧មុខ ក្នុងនោះមាន​ដូចជាផលិតផល​កសិកម្ម រួមទាំងយន្ដហោះ​ខ្នាតតូច និងឧស្ម័នរាវ
ធម្មជាតិ​ជាដើម៕