(វ៉ាស៊ីនតោន)៖ ក្រោយពីទទួលបានរបាយការណ៍ថា ធនាគាររុស្ស៊ីបានលួចជួយកូរ៉េខាងជើង ដោយបំពានទៅនឹងទណ្ឌកម្មរបស់អង្គការសហប្រជាជាតិ (UN) នោះ សហរដ្ឋអាមេរិកបានសម្រេចដាក់ទណ្ឌកម្ម ទៅលើធនាគារមួយរបស់រុស្ស៊ីតែម្តង។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន Daily Sabah នាយប់ថ្ងៃសុក្រ ទី០៣ ខែសីហា ឆ្នាំ២០១៨។
ការិយាល័យគ្រប់គ្រងទ្រព្យសម្បត្តិ OFAC របស់ក្រសួងរតនាគារជាតិអាមេរិកបានឲ្យដឹងថា ក្រៅពីធនាគាររុស្ស៊ីខាងលើនេះ ខ្លួនបានក៏អង្កេតដឹងថា មានបុគ្គលម្នាក់ និងក្រុមហ៊ុនចំនួនពីរបានលួចធ្វើជាទីកន្លែងដោះដូរហិរញ្ញវត្ថុ ដល់កូរ៉េខាងជើងផងដែរ។ សម្រាប់ធនាគាររុស្ស៊ី ដែលបានទទួលរងទណ្ឌកម្មនោះគឺមានឈ្មោះថា Agrosoyuz កំពុងតែធ្វើប្រតិបត្តិការនៅកូរ៉េខាងជើង។
គួរបញ្ជាក់ថា ធនាគារខាងលើនេះ ក៏មានជាប់ពាក់ព័ន្ធនឹងធនាគារពាណិជ្ជកម្មបរទេសរបស់កូរ៉េខាងជើង រួមជាមួយនឹងក្រុមហ៊ុនចិនមួយចំនួនទៀត៕