(វ៉ាស៊ីនតោន)៖ ប្រធានាធិបតីអាមេរិកលោក ដូណាល់ ត្រាំ បានព្រមានសមភាគីអ៊ីរ៉ង់លោក ហាសាន់ រូហានី ជាបន្តបន្ទាប់ពីគ្រោះមហន្តរាយនៃសង្រ្គាម ហើយលោកក៏បានផ្ដាំផងដែរឱ្យអ៊ីរ៉ង់បញ្ឈប់ការព្រមានលើសហរដ្ឋអាមេរិក បើសិនជារដ្ឋអ៊ីស្លាមមួយនេះចង់សុខខ្លួន។ ប៉ុន្តែសង្រ្គាមពាក្យសម្ដីរបៀបនេះ លោក ត្រាំ ក៏ធ្លាប់បានប្រើជាយុទ្ធសាស្ត្រលើកូរ៉េខាងជើងផងដែរ រហូតដល់លោក គីម ជុងអ៊ុន ព្រមចូលរួមក្នុងកិច្ចប្រជុំកំពូលនៅសិង្ហបុរី កាលពីខែមិថុនា។
* អ្វីទៅជាគោលបំណងនៅពីក្រោយសង្រ្គាមពាក្យសម្ដីរបស់លោក ត្រាំ?
មួយរយៈពេលចុងក្រោយនេះលោក ដូណាល់ ត្រាំ បានបង្កើនសង្រ្គាមពាក្យសម្ដីកាន់តែខ្លាំងដាក់អ៊ីរ៉ង់ ក្នុងនោះរួមមានទាំងពាក្យដៀមដាម និងគំរាមកំហែង រហូតដល់មានសេចក្ដីរាយការណ៍ខ្លះថា ប្រធានាធិបតីរូបនេះ អាចនឹងបញ្ជាឱ្យកងទ័ពអាមេរិកបើកការ វាយប្រហារលើទីតាំងនុយក្លេអ៊ែររបស់អ៊ីរ៉ង់នៅក្នុងខែសីហានេះ ទៀតផង។
តែទោះជាយ៉ាងនេះក្ដី អ្នកជំនាញខ្លះមើលឃើញថា ចេតនាពិតប្រាកដរបស់លោក ត្រាំ គឺមិនមែនចង់ធ្វើសង្រ្គាមជាមួយអ៊ីរ៉ង់នោះទេ ពោលគឺគ្រាន់តែចង់ប្រើប្រាស់យុទ្ធសាស្ត្រប្រឈមមុខដាក់គ្នាដោយសម្តី ដើម្បីខ្ចីដៃប្រជាជនអ៊ីរ៉ង់ឱ្យធ្វើការបះបោរ (ល្បិចខ្ចីកាំបិតសម្លាប់មនុស្ស) ប្រឆាំងនឹងរដ្ឋាភិបាលទីក្រុងតេហេរ៉ង់តែប៉ុណ្ណោះ។
យុទ្ធសាស្ត្រាបែបនេះ គឺជាយុទ្ធសាស្ត្រដ៏ពេញនិយម ដែលទីក្រុងវ៉ាស៊ីនតោនធ្លាប់បានប្រើប្រាស់នៅក្នុងប្រទេសលីប៊ី និងស៊ីរីផងដែរ។ ដំបូងដៃ សហរដ្ឋអាមេរិក ដាក់ទណ្ឌកម្ម និងក្រោយមកគឺគំរាមកំហែង សំដៅបង្កចលាចលនៅក្នុងប្រទេសទាំងនេះ ដើម្បី ញុះឱ្យក្រុមអ្នកប្រឆាំងនឹងរដ្ឋាភិបាលងើបឡើងបះបោរ ហើយចុងក្រោយទើបសហរដ្ឋអាមេរិក ចាប់ផ្ដើមលូកដៃចូលក្នុងកិច្ចការផ្ទៃ ក្នុងប្រទេសទាំងនេះដោយសំអាងលើការការពារប្រជាធិបតេយ្យ និងសិទ្ធិមនុស្ស។
គួរបញ្ជាក់ថា បច្ចុប្បន្នសហរដ្ឋអាមេរិកកំពុងពិចារណាដាក់ទណ្ឌកម្មសេដ្ឋកិច្ចជាថី្មប្រឆាំងនឹងអ៊ីរ៉ង់ ក្រោយប្រកាសដកខ្លួនចេញពី កិច្ចព្រមព្រៀងនុយក្លេអ៊ែរអ៊ីរ៉ង់ឆ្នាំ២០១៥។ ចំណែកឯសេដ្ឋកិច្ចអ៊ីរ៉ង់ក៏កំពុងជួបបញ្ហាផងដែរ ស្របពេលមានបាតុកម្មប្រឆាំងនឹងរដ្ឋាភិបាលតេហេរ៉ង់ កាលពីពេលថ្មីនេះ រហូតដល់ទីប្រឹក្សាសន្តិសុខជាតិអាមេរិក លោក ចន បូលតុន (John bolton) ហ៊ាននិយាយ ថានឹងមានការផ្លាស់ប្ដូររបបដឹកនាំអ៊ីរ៉ង់សព្វថ្ងៃទៀតផង ក្នុងពេលឆាប់នេះៗ។
ក៏ប៉ុន្តែការផ្លាស់ប្ដូររបបដឹកនាំអ៊ីរ៉ង់ ដោយអន្តរាគមន៍យោធាអាមេរិកនាពេលអនាគតដ៏ខ្លី ត្រូវបានគេមើលឃើញថា មានភាគរយតិចណាស់ ដ្បិតអ៊ីរ៉ង់មានរុស្ស៊ីនៅកាងនៅពីក្រោយ ហើយអាមេរិកក៏ដឹងដែរថា ការធ្វើសង្រ្គាមជាមួយអ៊ីរ៉ង់នឹងបង្កជាការខូចខាតធ្ងន់ធ្ងរ ក៏ដូចជាអាចនឹងបង្កទៅជាសង្រ្គាម នៅក្នុងតំបន់ទាំងមូលទៀតផង៕
ប្រភព៖ Al Jazeera