(ម៉ូស្គូ)៖ កូនប្រុសទីពីររបស់ប្រធានាធិបតីអាមេរិកលោក ដូណាល់ ត្រាំ គឺលោក អេរិច ត្រាំ (Eric Trump) បាននិយាយថា សមាជិកគ្រួសារទាំងអស់របស់លោកបានទទួលរងការគំរាមកំហែងជាបន្តបន្ទាប់ ក្នុងនោះរួមទាំងការផ្ញើកញ្ចប់ម្សៅស មកកាន់ផ្ទះរបស់ពួកគេទៀតផង។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន Sputnik នៅល្ងាចថ្ងៃសុក្រ ទី០៣ ខែសីហា ឆ្នាំ២០១៨។
លោក Eric Trump ធ្វើការអះអាងបែបនេះនៅក្នុងបទសម្ភាសន៍មួយ នៃស្ថានីយទូរទស្សន៍អាមេរិក Fox News នៅថ្ងៃព្រហស្បតិ៍សប្ដាហ៍នេះ (ម៉ោងនៅអាមេរិក)។ លោក Eric Trump បានលើកឡើងយ៉ាងដូច្នេះថា «ខ្ញុំត្រូវបានគេគំរាមកំហែង ហើយគ្រួសាររបស់ ខ្ញុំក៏ត្រូវបានគេគំរាមកំហែងផងដែរ... ពួកយើងទាំងអស់គ្នាសុទ្ធតែធ្លាប់ទទួលបានកញ្ចប់ម្សៅសម្យ៉ាង ដែលគេផ្ញើមកផ្ទះរបស់ពួកយើង...»។
គួររំលឹកថា កាលពីខែកុម្ភៈកន្លងទៅ ភរិយាលោក Donald Trump Jr គឺលោកស្រី វែណេសា ត្រាំ (Vanessa Trump) ក៏ធ្លាប់ត្រូវបានគេរាយការណ៍ថា បានសម្រាកព្យាបាលក្នុងមន្ទីរមួយរយៈពេលខ្លីផងដែរ បន្ទាប់ពីលោកស្រីបើកកញ្ចប់មួយ ដែលមានម្សៅសម្យ៉ាងនៅក្នុងនោះ។ ប៉ុន្តែ ក្រោយមកទៀត ម្សៅសនេះត្រូវបានគេបញ្ជាក់ថា គ្មានសារធាតុគីមី ឬពុលនោះទេ ហើយប្រភពអ្នកផ្ញើកញ្ចប់ នេះក៏មិនត្រូវបានបញ្ជាក់ដែរ ៕