(សិង្ហបុរី)៖ រដ្ឋមន្ត្រីការបរទេសតួកគីលោក ម៉េវលុត ខាវីសូគ្លូ (Mevlut Cavusoglu) បាននិយាយថា ការដាក់ទណ្ឌកម្មរបស់សហរដ្ឋអាមេរិកប្រឆាំងនឹងប្រទេសរបស់លោក នឹងមិនមានប្រយោជន៍អ្វីឡើយ បន្ទាប់ពីទីក្រុងវ៉ាស៊ីនតោនប្រកាសដាក់ទណ្ឌកម្មលើរដ្ឋមន្ត្រីយុត្តិធម៌ និងរដ្ឋមន្ត្រីមហាផ្ទៃតួកគី ជុំវិញការឃុំខ្លួនជនជាតិអាមេរិកម្នាក់ឈ្មោះ អាន់ឌ្រូ ប្រាន់សុន (Andrew Brunson)។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន Sputnik នៅល្ងាចថ្ងៃសុក្រ ទី០៣ ខែសីហា ឆ្នាំ២០១៨។
លោក Cavusoglu ធ្វើការកត់សម្គាល់បែបនេះ នៅក្នុងជំនួបជាមួយរដ្ឋមន្ត្រីការបរទេសអាមេរិកលោក ម៉ៃក៍ ប៉ុមប៉េអូ ក្នុងប្រទេសសិង្ហបុរី នៅថ្ងៃសុក្រនេះជាទីដែលអ្នកទំាងពីរបានព្រមព្រៀងគ្នាថា នឹងធ្វើការងាររួមគ្នាដើម្បីដោះស្រាយជម្លោះបច្ចុប្បន្ន។ លោក Cavusoglu បានលើកឡើងនាឱកាសនោះដូច្នេះថា «យើងធ្លាប់បាននិយាយជាច្រើនលើករួចមកហើយថា ការប្រើប្រាស់ភាសា គំរាមកំហែង និងការដាក់ទណ្ឌកម្មដាក់គ្នាទៅវិញទៅមកនឹងមានប្រយោជន៍អ្វីទាំងអស់»។
គួរបញ្ជាក់ថា ភាពតានតឹងរវាងតួកគី និងសហរដ្ឋអាមេរិកបានផ្ទុះឡើងជាថ្មី បន្ទាប់ពីអាជ្ញាធរតួកគីបន្តឃុំខ្លួន លោកឪគ្រិស្ដសាសនាអាមេរិកលោក Andrew Brunson ដោយចោទថា លោកមានជាប់ពាក់ព័ន្ធនឹងសកម្មភាពធ្វើរដ្ឋប្រហារមិនបានសម្រេច ក្នុងប្រទេសតួកគីកាលពីឆ្នាំ២០១៦៕