(ហ្សាការតា)៖ គ្រោះរញ្ជួយដីកម្រិត ៦.១រ៉ិចទ័រ បានអង្រួនភាគកណ្តាលប្រទេសឥណ្ឌូណេស៊ី ប៉ុន្តែពុំបានបង្កជាការប្រកាសអាសន្ននៃរលកស៊ូណាមិឡើយ។ នេះបើតាមការដកស្រង់ការផ្សាយចេញពី ទីភ្នាក់ងារព័ត៌មានចិន ស៊ីនហួរ នារសៀលថ្ងៃសុក្រ ទី០៣ ខែសីហា ឆ្នាំ២០១៨។
បើតាមទីភ្នាក់ងារឧតុនិយម និងភូគព្ភសាស្ត្រឥណ្ឌូណេស៊ី ចំណុចរំញ័រនៃគ្រោះរញ្ជួយផែនដីខាងលើ បានកើតឡើងនៅចម្ងាយ ៤៣គីឡូម៉ែត្រ ភាគនិរតីនៃខេត្ត ម៉ាលូគូ តេងហ្គារ៉ា (Maluku Tenggara) ជាមួយជម្រៅ៦៥គីឡូម៉ែត្រពីក្នុងដី។ អ្នកនាំពាក្យទីភ្នាក់ងារខាងលើបានឲ្យដឹងថា គ្រោះរញ្ជួយដីនេះ ពុំបានបង្កជារលកយក្សស៊ូណាមិនោះទេ ដូច្នេះហើយក៏ពុំមានការចេញសារព្រមានអ្វីដែរ។ ចំណែកទីភ្នាក់ងារគ្រប់គ្រងគ្រោះមហន្តរាយឥណ្ឌូណេស៊ីវិញ បានបញ្ជាក់ថា ពុំមានការបំផ្លិចបំផ្លាញ ឬមនុស្សរងគ្រោះថ្នាក់ពីហេតុការណ៍នេះឡើយ ដោយវាគ្រាន់តែបានបង្កភាពភ្ញាក់ផ្អើលប៉ុណ្ណោះ។
គួរជម្រាបថា គ្រោះរញ្ជួយដីតែងកើតមានឡើងជាញឹកញាប់ នៅប្រទេសអាស៊ានមួយនេះ គឺដោយសារតែឥណ្ឌូណេស៊ី មានទីតាំងភូមិសាស្រ្តស្ថិតនៅចំពីលើតំបន់ខ្សែក្រវាត់ភ្នំភ្លើង ដែលគេហៅថា Pacific Ring of Fire។ ម៉្យាងវិញកាលពីចុងខែកក្កដាកន្លងទៅនេះ គ្រោះរញ្ជួយដីមួយកម្រិត ៦.៤រ៉ិចទ័រ ដែលមានជម្រៅត្រឹម ០៧គីឡូម៉ែត្រប៉ុណ្ណោះនោះ បានវាយប្រហារលើកោះ លុមបុក (Lombok) នៅភាគកណ្តាលឥណ្ឌូណេស៊ីដូចគ្នា ដែលបានផ្តាច់ជីវិតមនុស្សយ៉ាងតិច ១៤នាក់ និងបណ្តាលឲ្យមនុស្សជាង ១៦០នាក់របួស៕