(ហាណូយ)៖ ជនជាតិអាមេរិកដើមកំណើតវៀតណាមម្នាក់ ត្រូវបានអាជ្ញាធរទីក្រុងហាណូយ ចាប់ខ្លួនសម្រាប់ការព្យាយាមផ្ដួលរំលំរដ្ឋាភិបាលកុម្មុយនិស្ដវៀតណាម ហើយនេះគឺជាការចាប់ខ្លួនពលរដ្ឋអាមេរិកទី ២ ក្រោមហេតុផលនយោបាយ។ នេះបើតាមសមាជិកសភាអាមេរិកលោកស្រី មីមី វ៉លធើស៍ (Mimi Walters) ដកស្រង់ដោយសារព័ត៌មានបារាំង Le Figaro នៅរសៀលថ្ងៃសុក្រ ទី០៣ ខែសីហា ឆ្នាំ២០១៨។
លោកស្រី Mimi Walters តំណាងរាស្ត្របក្សសាធារណៈរដ្ឋបានទទួលស្គាល់ថា លោក ម៉ៃឃើល ង្វៀន (Michael Nguyen) មានអាយុ ៥៤ឆ្នាំ និងមានកូន ០៤នាក់ កំពុងជាប់ឃុំក្នុងពន្ធនាគារទីក្រុង Ho Chi Minh ហើយការអះអាងនេះធ្វើឡើង ដោយផ្អែកលើគ្រួសារសាច់ញាតិរបស់លោក Nguyen។ លោក Nguyen ត្រូវបានអាជ្ញាធរវៀតណាមចាប់ខ្លួនកាលពីថ្ងៃទី០៧ ខែកក្កដា ខណៈលោកធ្វើដំណើរទៅកាន់ភាគខាងត្បូងប្រទេសវៀតណាម អមដំណើរដោយសកម្មជនវៀតណាមបីរូបផ្សេងទៀត។
ក៏ប៉ុន្តែព្រមពេលជាមួយគ្នា ក្រុមគ្រួសារសាច់ញាតិរបស់លោក បានច្រានចោលការចោទក្រាន់របស់អាជ្ញាធរទីក្រុងហាណូយដោយបញ្ជាក់ថា លោក Nguyen មិនបានចូលរួមសកម្មភាពនយោបាយអ្វីទាំងអស់ ខណៈមិនទាន់មានការចោទប្រកាន់ជាផ្លូវការណា ប្រឆាំងនឹងរូបលោកនៅឡើយទេ។
គួររំលឹកថា កាលពីខែមិថុនាកន្លងទៅ ជនជាតិអាមេរិកដើមកំណើតវៀតណាមម្នាក់ទៀត ឈ្មោះ វាល ង្វៀន (Will Nguyen) ក៏ត្រូវបានអាជ្ញាធរវៀតណាមចាប់ខ្លួនពីបទបង្កចលាចលដល់សណ្ដាប់ធ្នាប់សាធារណៈ បន្ទាប់ពីលោកបានចូលរួមជាមួយក្រុមបាតុករក្នុងបាតុកម្ម តវ៉ាប្រឆាំងនឹងសេចក្ដីព្រាងច្បាប់ដ៏ចម្រូងចម្រាស់ ស្ដីពីការបង្កើតតំបន់សេដ្ឋកិច្ចពិសេសមួយ។ លោក Will Nguyen ត្រូវបានបណ្ដេញត្រឡប់ទៅសហរដ្ឋអាមេរិក កាលពីខែកក្កដាកន្លងទៅនេះ៕