(តូក្យូ)៖ ទីក្រុងតូក្យូនាថ្ងៃសុក្រនេះ បានបង្ហាញការតវ៉ាទៅទីក្រុងសេអ៊ូល ជុំវិញការដែលនាវាមួយគ្រឿង បានធ្វើការសិក្សាស្រាវជ្រាវនៅលើដែនទឹក នៅក្បែប្រជុំកោះតូចមួយរបស់កូរ៉េខាងត្បូង ដែលត្រូវជប៉ុនទាមទារថាជាកម្មសិទ្ធិរបស់ខ្លួន។ នេះបើតាមការដកស្រង់ការផ្សាយចេញពីសារព័ត៌មានរុស្ស៊ី Sputnik នៅរសៀលថ្ងៃសុក្រ ទី០៣ ខែសីហា ឆ្នាំ២០១៨។
បើតាមអ្នកនាំពាក្យរដ្ឋាភិបាលជប៉ុនលោក យ៉ូស៊ីហ៊ីដេ ស៊ូហ្គា (Yoshihide Suga) ទីក្រុងតូក្យូបានទាក់ទងតាមផ្នែកការទូត ដើម្បីទាមទារឲ្យកូរ៉េខាងត្បូងធ្វើការបកស្រាយនូវផ្លូវដំណើររបស់នាវាស្រាវជ្រាវខាងលើ ហើយបានសម្តែងការប្រឆាំងដាច់ខាតចំពោះសកម្មភាពមិនអាចទទួលយកបាននេះ ដែលធ្វើឡើងដោយពុំមានការអនុញ្ញាតពីប្រទេសជប៉ុន។
គួរជម្រាបថា អាជ្ញាធរជប៉ុនបានរកឃើញនាវាខាងលើ នៅក្បែរប្រជុំកោះ តាកេស៊ីម៉ា (Takeshima) ដែលហៅជាភាសាកូរ៉េថា ដុកដូ (Tokto ឬ Dokdo) កាលពីថ្ងៃទី០១ និងទី០២ ខែសីហា ហើយនាវានោះមិនព្រមចាកចេញពីដែនទឹកមានជម្លោះនេះឡើយ ទោះបីជាមានការព្រមានពីកងឆ្មាំការពារសមុទ្ររបស់ជប៉ុនក៏ដោយ។
ប្រជុំកោះ Dokdo ឬអាចហៅម៉្យាងទៀតបានថា Liancourt Tocks ស្ថិតនៅលើផ្ទៃសមុទ្រជប៉ុន ឬសមុទ្រខាងកើត (Sea of Japan or East Sea) ហើយពួកវាបាន និងកំពុងស្ថិតក្រោមការគ្រប់គ្រងរបស់កូរ៉េខាងត្បូង ចាប់តាំងពីចុងបញ្ចប់សង្រ្គាមលោកលើកទីពីរ ទោះបីជាមានការទាមទារកម្មសិទ្ធិពីជប៉ុនក៏ដោយ៕
http://image.freshnewsasia.com/2018/117/fn-2018-08-03-14-30-56-0.jp