(ហាណូយ)៖ ក្រុមហ៊ុន Airbus នឹងធ្វើការងាររួមគ្នាជាមួយវៀតណាម ដើម្បីអភិវឌ្ឍន៍ឧស្សាហកម្មអវកាស បន្ទាប់ពីមានសេចក្ដីរាយការណ៍ពីការចុះហត្ថលេខាលើកិច្ចព្រមព្រៀងមួយ រវាងក្រុមហ៊ុនផលិតយន្ដហោះអឺរ៉ុបមួយនេះ ជាមួយនិងក្រសួងវិទ្យាសាស្រ្ត និងបច្ចេកវិទ្យាវៀតណាម។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មានចិន ស៊ីនហួរ នៅរសៀលថ្ងៃសុក្រ ទី០៣ ខែសីហា ឆ្នាំ២០១៨។
វិស័យដ៏មានសក្ដានុពល នៃកិច្ចសហប្រតិបត្តិការទ្វេភាគីក្នុងនោះរួមមាន ការផ្លាស់ប្ដូរព័ត៌មានស្ដីពីបញ្ហាពាក់ព័ន្ធនឹងការអង្កេតផែនដី ការរៀបចំ និងការចូលរួមក្នុងព្រឹត្តិការណ៍វិទ្យាសាស្ត្រ ក៏ដូចជាការស្រាវជ្រាវលើបច្ចេកវិទ្យាផ្កាយរណបជាដើម។ កាលពីឆ្នាំ២០១០ ក្រុមហ៊ុន Airbus ទទួលបានកិច្ចសន្យាអភិវឌ្ឍន៍មួយ ក្នុងការផលិត និងបាញ់បង្ហោះផ្កាយរណបអង្កេតការណ៍លើផែនដី។
ផ្កាយរណបនេះមានឈ្មោះ VNREDSat-1 ត្រូវបានបាញ់បង្ហោះដោយជោគជ័យកាលពីឆ្នាំ២០១៣ ហើយវាបានជួយឱ្យវៀតណាមមានសមត្ថភាពតាមដាន និងសិក្សាស្រាវជ្រាវពីផលប៉ះពាល់ នៃបញ្ហាបម្រែបម្រួលអាកាសធាតុ ព្រមទាំងព្យាករណ៍ និងចាត់វិធានការទប់ស្កាត់ គ្រោះមហន្តរាយធម្មជាតិបានប្រសើរជាងមុន។
គួរបញ្ជាក់ថា ក្រុមហ៊ុន Airbus ក៏កំពុងអភិវឌ្ឍន៍ឧស្សាហកម្មរបស់ខ្លួនផងដែរនៅក្នុងប្រទេសវៀតណាម ជាទីដែលក្រុមហ៊ុន ក្នុងមួយនេះបានជួយបណ្ដុះបណ្ដាលកម្មករជំនាញជាន់ខ្ពស់វៀតណាមជាង ៥៥០នាក់ ដើម្បីជួយជម្រុញឲ្យវិស័យនេះនៅវៀតណាម កាន់តែមានសន្ទុះអភិវឌ្ឍន៍លឿន៕