(វ៉ាស៊ីនតោន)៖ ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ នាថ្ងៃព្រហស្បតិ៍សប្តាហ៍នេះ (ពេលវេលានៅអាមេរិក) បានចាប់ផ្តើមវាយប្រហារពាក្យសម្តីទៅលើបណ្តាញសារព័ត៌មានជាថ្មីម្តងទៀត ដោយព្រលះធ្ងន់ៗថា ជាប្រព័ន្ធផ្សព្វផ្សាយភាគច្រើនចុះតែព័ត៌មានមិនពិត និងគួរឲ្យស្អប់ខ្ពើមជាខ្លាំង។ នេះបើតាមការដកស្រង់ការផ្សាយចេញពីសារព័ត៌មានរុស្ស៊ី Sputnik នៅព្រឹកថ្ងៃសុក្រ ទី០៣ ខែសីហា ឆ្នាំ២០១៨។
លោក ត្រាំ បានអះអាងថា រូបលោកត្រូវបានបណ្តាញសារព័ត៌មានចោទប្រកាន់ទាំងពុំមានកំហុសថា មានភាពយឺតយ៉ាវក្នុងការចូលគាល់មហាក្សត្រីយ៍អង់គ្លេស កាលពីអំឡុងដំណើរទស្សនកិច្ចផ្លូវរដ្ឋ ទៅកាន់ចក្រភពអង់គ្លេសនាខែកក្កដា។ បន្ថែមពីនេះលោក ត្រាំ ក៏បាននិយាយការពារការសម្រេចចិត្តរបស់លោក ក្នុងការបន្តដំណើរចេញអង់គ្លេស ទៅកាន់ក្រុងហែលស៊ីនគី នៅហ្វាំងឡង់ ដើម្បីជួបជាមួយប្រធានាធិបតីរុស្ស៊ីលោក វ៉្លាឌីមៀ ពូទីន និងជំនួបប្រវត្តិសាស្រ្តជាមួយមេដឹកនាំកូរ៉េខាងជើងលោក គីម ជុងអ៊ុន កាលពីខែមិថុនាផងដែរ។
គួរជម្រាបថា រហូតមកទល់ពេលនេះលោក ដូណាល់ ត្រាំ នៅតែមិនត្រូវរ៉ូវគ្នានោះឡើយ ជាមួយបណ្តាញសារព័ត៌មានមួយចំនួន ជាពិសេសនោះគឺជាបណ្តាញសារព័ត៌មានក្នុងស្រុក CNN តែម្តង ដោយជារឿយៗលោកតែងបានចាត់ទុកប្រព័ន្ធផ្សព្វផ្សាយទាំងនោះថា ជាសត្រូវរបស់មហាជន និងថាការចុះផ្សាយព័ត៌មានរបស់ពួកគេសុទ្ធតែជារឿងមិនពិត ដែលប្រការនេះធ្វើឲ្យមហាជនមានទស្សនៈមិនល្អចំពោះមេដឹកនាំសហរដ្ឋអាមេរិករូបនេះ៕