(ម៉ាល់ឌីវ)៖ វិស័យទេសចរណ៍នៃប្រទេសដីកោះម៉ាល់ឌីវ ដែលជាគោលដៅដ៏ពេញនិយម សម្រាប់ការធ្វើដំណើរកម្សាន្ត និងសម្រាកលំហែរកាយនោះ បាននិងកំពុងមានសន្ទុះយ៉ាងខ្លាំងក្លានៅឆ្នាំ២០១៨នេះ។ នេះបើតាមការដកស្រង់ការផ្សាយចេញពី ទីភ្នាក់ងារព័ត៌មានចិន ស៊ីនហួរ នៅល្ងាចថ្ងៃសុក្រ ទី០៣ ខែសីហា ឆ្នាំ២០១៨។
អត្រាភ្ញៀវទេសចរដែលបានធ្វើដំណើរកម្សាន្តមកកាន់ម៉ាល់ឌីវ ត្រូវគេរាយការណ៍ថា បានកើនឡើង ១៧ភាគរយ នៅអំឡុងត្រីមាសទីមួយនៃឆ្នាំ២០១៨នេះ ធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។ ស្រដៀងគ្នាដែរ នាអំឡុងត្រីមាសដំបូងនៃឆ្នាំនេះ អត្រាជាមធ្យមនៃភ្ញៀវទេសចរដែលស្នាក់នៅនាវេលាយប់បានកើន ១៨ភាគរយ។
ក្នុងអំឡុងត្រីមាសទីមួយដដែល វិស័យឧស្សាហកម្មនៅម៉ាល់ឌីវ រកចំណូលបាន៩៩៣.៥លានដុល្លារ ដែលការហក់ឡើង ២០ភាគរយ ពីរយៈពេលដូចគ្នាកាលពីឆ្នាំ២០១៧។ យោងតាមស្ថិតិថ្មីចុងក្រោយពីក្រសួងទេសចរណ៍ម៉ាល់ឌីវ ភ្ញៀវទេសចរសរុប ៧២៦,៥១៥នាក់ បានធ្វើមកលេងនៅទីនេះ ក្នុងអំឡុងពេល ០៦ខែដំបូងនៃឆ្នាំ២០១៨ ដែលជាកំណើន ១០.៥ភាគរយ ធៀបនឹងរយៈពេលដូចគ្នានៅឆ្នាំមុន។
គួរជម្រាបថា ម៉ាល់ឌីវគឺជាប្រទេសដីកោះត្រូពិចមួយ ស្ថិតនៅលើមហាសមុទ្រឥណ្ឌា ហើយប្រជាជាតិនេះ រួមផ្សំឡើងពីកោះផ្កាថ្មជាច្រើន និងមានប្រជាជនរស់នៅប្រមាណ ៤៤៤,០០០នាក់។ សម្រាប់ការធ្វើដំណើរដើម្បីទៅដល់ប្រទេសដីកោះនេះ គឺមានតែតាមរយៈជើងហោះហើរប៉ុណ្ណោះ ហើយសម្រាប់ការធ្វើដំណើរកម្សាន្តពីកន្លែងមួយទៅកន្លែងមួយនៅទីនោះផ្ទាល់វិញ គឺភាគច្រើនធ្វើឡើងតាមរយៈការជិះទូកឆ្លង៕