(ហ្ស៊ីមបាវ៉េ)៖ ប្រធានាធិបតីហ្ស៊ីមបាវ៉េបច្ចុប្បន្ន លោក អេមមឺសុន ម៉ាណាងហ្គាវ៉ា (Emmerson Mnangagwa) បានទទួលជ័យជម្នះនៅក្នុងការបោះឆ្នោត ប្រធានាធិបតីនៅក្នុងបរិបទដែលគេកំពុងព្រួយបារម្ភថា អំពើហិង្សាអាចនឹងផ្ទុះឡើងជាថ្មី ក្រោយគណបក្សប្រឆាំងប្រកាសមិនទទួលស្គាល់លទ្ធផលបោះឆ្នោត។ នេះបើតាមគណៈកម្មាធិការរៀបចំការបោះឆ្នោត ដកស្រង់ដោយសារព័ត៌មាន CNN នៅព្រឹកថ្ងៃសុក្រ ទី០៣ ខែសីហា ឆ្នាំ២០១៨។
យោងតាមគណៈកម្មាធិការរៀបចំការបោះឆ្នោតហ្ស៊ីមបាវ៉េ លោក Emmerson Mnangagwa ទទួលបានសំឡេងគាំទ្រ ៥១ភាគរយ រីឯមេដឹកនាំគណបក្សប្រឆាំង លោក ណែលសុន ឆាមីសា (Nelson Chamisa) ទទួលបានសំឡេងគាំទ្រ ៤៤.៣ភាគរយ។ បន្ថែមពីលើនេះដោយសារតែលោក Mnangagwa ទទួលបានសំឡេងគាំទ្រច្រើនជាង ៥០ភាគរយ ការបោះឆ្នោតប្រធានាធិបតីជុំទី ២ មិនចាំបាច់ត្រូវធ្វើឡើង។
គួរបញ្ជាក់ថា សមាជិកគណបក្សប្រឆាំងជាច្រើនរូប ត្រូវបានគេបណ្ដេញចេញពីបន្ទប់បោះឆ្នោត ក្រោយបដិសេធមិនទទួលស្គាល់លទ្ធផលបោះឆ្នោត ហើយមិនតែប៉ុណ្ណោះការព្រួយបារម្ភក៏កំពុងកើនឡើងផងដែរថា អំពើហិង្សាអាចនឹងផ្ទុះឡើងជាថ្មី បន្ទាប់ពីអ្នកគាំទ្របក្សប្រឆាំង ០៦នាក់ បានស្លាប់នៅក្នុងការប៉ះទង្គិចគ្នាជាមួយប៉ូលិសក្នុងទីក្រុង Harare កាលពីថ្ងៃពុធ៕