លោក គីម ជុងអ៊ុន ផ្ញើលិខិតមួយច្បាប់ជូនលោក ដូណាល់ ត្រាំ ដោយបានបញ្ជាក់ពីការប្តេជ្ញាចិត្ត លុបបំបាត់អាវុធនុយក្លេអ៊ែរ...
02-08-2018 22:15
(វ៉ាស៊ីនតោន)៖ សេតវិមានទីក្រុងវ៉ាស៊ីនតោនបានប្រកាសថា ប្រមុខដឹកនាំកំពូលផុតលេខរបស់កូរ៉េខាងជើងលោក គីម ជុងអ៊ុន បានផ្ញើលិខិតមួយច្បាប់មកជូនប្រធានាធិបតីសហរដ្ឋអាមេរិកលោក ដូណាល់ ត្រាំ ពាក់ព័ន្ធនឹងកិច្ចពិភាក្សាកំពូលរវាងមេដឹកនាំទាំងពីរ ដែលទើបតែបានបញ្ចប់ទៅកាលពីប៉ុន្មានខែមុននេះ។ នេះបើតាមការចេញផ្សាយដោយ Reuters នាយប់ថ្ងៃព្រហស្បតិ៍ ទី០២ ខែសីហា ឆ្នាំ២០១៨។
អ្នកនាំពាក្យសេតវិមាន Sarah Sanders បានបញ្ជាក់ថា នៅក្នុងលិខិតរបស់លោក គីម ជុងអ៊ុន នោះគឺបានបញ្ជាក់សាជាថ្មីឡើងវិញ អំពីការប្តេជ្ញាចិត្តទាំងឡាយរបស់កូរ៉េខាងជើង នៅក្នុងការលុបបំបាត់អាវុធនុយក្លេអ៊ែរ ចេញពីតំបន់ឧបទ្វីបកូរ៉េ។ បន្ទាប់ពីការប្រកាសដោយសេតវិមាន លោក ដូណាល់ ត្រាំ ក៏បានសរសេរបង្ហោះនៅក្នុង Twitter របស់លោកផងដែរថា លោកបានទទួលលិខិតមួយច្បាប់ ផ្ញើពីមេដឹកនាំកូរ៉េខាងជើងលោក គីម ជុងអ៊ុន។
គួរបញ្ជាក់ថា ការផ្ញើលិខិតមកកាន់លោក ដូណាល់ ត្រាំ ពេលនេះបានកើតមានឡើងតែប៉ុន្មានថ្ងៃប៉ុណ្ណោះ បន្ទាប់ពីក្រុមស៊ើបការណ៍សម្ងាត់ តាមរយៈផ្កាយរណបរបស់អាមេរិក បានទម្លាយព័ត៌មានថា សកម្មភាពមិនប្រក្រតីមួយបានកើតមានឡើងក្នុងទឹកដីកូរ៉េខាងជើង ដែលអាចជាសញ្ញាថា កូរ៉េខាងជើងកំពុងតែផលិតគ្រាប់មីស៊ីលផ្លោង ICBM ឡើងវិញ៕