(ពិភពលោក)៖ នៅថ្ងៃព្រហស្បតិ៍ ទី០២ ខែសីហា ឆ្នាំ២០១៨នេះ ព្រឹត្តិការណ៍អន្តរជាតិសំខាន់ៗ ជាច្រើនបានកើតឡើង រួមមានទាំង ព្រឹត្តិការណ៍នយោបាយ និងស្ថានការណ៍ទូទាំងសកលលោកដ៏គួរឲ្យចាប់អារម្មណ៍ជាច្រើន។ ដូច្នេះបើចង់ដឹងថាតើ ព្រឹត្តិការណ៍រូបភាពប្រចាំថ្ងៃនេះមានអ្វីខ្លះនោះសូមទស្សនាដូចខាងក្រោម៖

១៖ អនុប្រធានាធិបតី​អាមេរិក​លោក ម៉ៃក៍ ផែន (Mike Pence) បានទទួលស្វាគមន៍​ការវិលត្រឡប់​មកវិញ នៃអដ្ឋិធាតុរបស់​​កងទ័ព​​អាមេរិក​ ដែលបាន​ពលជីវិត​កាលពីសម័យសង្រ្គាម​កូរ៉េ ក្នុងពិធីមួយ​ដែលប្រព្រឹត្ត​ទៅនៅលើ​កោះហាវ៉ៃ​​នាថ្ងៃពុធសប្តាហ៍​នេះ (ពេលវេលានៅអាមេរិក​)៕

 

២៖ រដ្ឋាភិបាល​កូរ៉េខាងត្បូង​ នៅថ្ងៃព្រហស្បតិ៍នេះបានឱ្យដឹងថា ខ្លួនបានបញ្ជូន​នាវាចម្បាំងមួយគ្រឿង​ទៅកាន់ប្រទេស​លីប៊ី ដែល ជាការបង្ហាញចេតនា​ចង់បង្ហាញ​កម្លាំងសាច់ដុំ ដើម្បីធានាឱ្យ​មានការដោះលែង​ជនជាតិកូរ៉េខាងត្បូង​ម្នាក់ ដែលត្រូវបានគេចាប់ ពង្រត់​ ជាមួយ​ជនជាតិហ្វីលីពីនបីនាក់ផ្សេងទៀត នៅក្នុងប្រទេស​អាហ្វិ្រកខាងជើ​ង​មួយនេះ៕

 

៣៖ ​មន្រ្តី​រដ្ឋាភិបាល​ក្រុងវ៉ាស៊ីតោន​បានឲ្យដឹងថា សហរដ្ឋអាមេរិក អាចនឹងបង្កើន​​អត្រាយកពន្ធ ចំពោះទំនិញ​នាំចូល​ពីចិន​បន្ថែម ទៀត ពីលើគំរោង​បន្ថែមពន្ធស្រាប់ក្នុងទំហំប្រមាណ​២០០ពាន់លានដុល្លារ ដែលខ្លួនបានគ្រោង​ទុករួចជាស្រេច ខណៈសហរដ្ឋ​អាមេរិកកំពុង​បន្តការដាក់សម្ពាធ​ទីក្រុង​ប៉េកាំង ឲ្យ​ធ្វើ​ការ​ផ្លាស់ប្តូរ​​​របៀប​ធ្វើពាណិជ្ជកម្ម៕

 

៤៖ នាយករដ្ឋមន្ត្រីអ៊ីស្រាអែល​លោក បិនចាមីន ណឺតាន់យ៉ាហ៊ូ (Benjamin Netanyahu) បាន​ព្រមានជាសាធារណៈថា អ៊ីស្រាអែលនឹង​ប្រើប្រាស់កម្លាំង​យោធា​​ជាវិធានការឆ្លើយតប បើសិនជាកងទ័ព​អ៊ីរ៉ង់ចូលមកក្បែរ ឬក៏ព្យាយាមបិទ​ច្រកសមុទ្រ បាប់អាល់មែនឌែប (Bab al-Mandeb) ដែលភ្ជាប់សមុទ្រក្រហម​ទៅកាន់ឈូង​សមុទ្រអាដិន (Aden) នោះ៕

 

៥៖ អ្នកវិទ្យសាស្រ្តបាន​លើកឡើងមធ្យោបាយ​ថ្មីមួយ ដើម្បីស្វែងរកជីវិត​នៅក្រៅ​ប្រព័ន្ធព្រះអាទិត្យ ខណៈដែលមធ្យោបាយជា ច្រើនទៀត ជាពិសេសគឺការដំណើរការ​កែវយឺតអវកាស កំពុងតែអនុវត្តន៍​យ៉ាងខ្លាំងក្លាបំផុត៕

 

៦៖ សេតវិមានបាន​ចេញមុខទទួល​ស្គាល់ថា រដ្ឋាភិបាលឥណ្ឌា​បានអញ្ចើញ​ប្រធានាធិបតី​អាមេរិក​លោក ដូណាល់ ត្រាំ ឲ្យ​ទៅបំពេញទស្សនកិច្ច​​នៅឯ​ប្រជាជាតិអាស៊ី​ខាងត្បូងមួយនេះ ប៉ុន្តែការសម្រេច​ចិត្តចុងក្រោយ ពុំទាន់ត្រូវ​បានធ្វើឡើង​នៅឡើយទេ៕