(វ៉ាស៊ីនតោន)៖ ចំនួនប្រជាជនអាមេរិកដែលរស់នៅក្នុងរថយន្ដ ដោយសារតែមិនអាចរកផ្ទះស្នាក់នៅសមរម្យ បាន និងកំពុងកើនឡើងខ្ពស់ បើទោះជាការអនុវត្តរបៀបនេះជាអំពើខុសច្បាប់ នៅក្នុងទីក្រុងមួយចំនួនរបស់សហរដ្ឋអាមេរិកក៏ដោយ។ នេះបើតាមរបាយការណ៍ពីស្ថាប័ន Governing ដកស្រង់ដោយសារព័ត៌មាន CBS នៅល្ងាចថ្ងៃព្រហស្បតិ៍ ទី០២ ខែសីហា ឆ្នាំ២០១៨។
យោងតាមទស្សនាវដ្ដី Governing ចំនួនប្រជាជនអាមេរិកស្នាក់នៅក្នុងរថយន្ដជាផ្ទះចល័ត ឬយានយន្ដផ្សេងទៀតបានកើនឡើង ៤៦ភាគរយ ក្នុងរយៈពេលមួយឆ្នាំនេះ ខណៈបញ្ហាគ្មានផ្ទះសម្បែងក៏ត្រូវបានគេឃើញផងដែរ នៅក្នុងតំបន់ ស៊ីតថលឃីង (Seattle's King) ក្នុងរដ្ឋធានីវ៉ាស៊ីនតោននាពេលថ្មីនេះ។ ដោយឡែក បញ្ហាគ្មានផ្ទះសម្បែងបានផ្ទុះឡើងច្រើនជាងគេ នៅតាមបណ្ដាទីក្រុងដែលតម្លៃ ផ្ទះថ្លៃកប់ពពក ដូចជាទីក្រុងឡូសអាន់ជែលឡែស, ផតឡេន (Portland) និងទីក្រុងសាន់ហ្វ្រាន់ស៊ីស្កូ (San Francisco) ជាដើម។
គួរបញ្ជាក់ថា ការសិក្សាស្រាវជ្រាវរបស់មជ្ឈមណ្ឌលច្បាប់ជាតិ ស្ដីពីជនគ្មានផ្ទះសម្បែង និងជនក្រីក្រ (NLCHP) នៅតាមទីក្រុងចំនួន ១៨៧ បានរកឃើញថា អត្រាហាមឃាត់ប្រឆាំងនឹងរថយន្ដជាផ្ទះចល័ត បានកើនទ្វេដងក្នុងរយៈពេល ១០ឆ្នាំមកនេះ៕