(វ៉ាស៊ីនតោន)៖ រដ្ឋអាជ្ញាពិសេសអាមេរិក លោក រ៉ូប៊ឺត មូល្លឺ (Robert Mueller) ដែលកំពុងដឹកនាំការស៊ើបអង្កេតលើការចោទប្រកាន់ថា រុស្ស៊ីបានលូកដៃចូលក្នុងកិច្ចការបោះឆ្នោតអាមេរិក កាលពីឆ្នាំ២០១៦នោះ កំពុងព្យាយាមធ្វើយ៉ាងណាអាចសួរចម្លើយប្រធានាធិបតីអាមេរិកលោក ដូណាល់ ត្រាំ ជុំវិញការបង្កឧបសគ្គដល់ការស្វែងរកយុត្តិធម៌។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មានចិន ស៊ីនហួរ នៅរសៀលថ្ងៃព្រហស្បតិ៍ ទី០២ ខែសីហា ឆ្នាំ២០១៨។
យោងតាម CNN លោក Robert Mueller បានកាត់បន្ថយចំនួនសំណួរពាក់ព័ន្ធនឹងការបង្កឧបសគ្គដល់ការស្វែងរកយុត្តិធម៌ ដែលក្រុមអ្នកស៊ើបអង្កេតចង់សួរទៅកាន់លោក ដូណាល់ ត្រាំ។ ប៉ុន្តលើកនេះលោក Mueller ត្រូវបានគេរាយការណ៍ថា ចង់សួរចម្លើយលោក ត្រាំ ដោយផ្ទាល់មិនមែនត្រឹមតែសរសេរជាលាយលក្ខអក្សរ ដូចលើកមុនៗនោះទេ។
ប៉ុន្តែខាងសេតវិមានមិនទាន់អត្ថាធិប្បាយលម្អិត ទាក់ទិននឹងសេចក្ដីរាយការណ៍នេះនៅឡើយទេ ខណៈលោក ដូណាល់ ត្រាំ នៅថ្ងៃពុធសប្ដាហ៍នេះបានស្នើឱ្យរដ្ឋមន្ត្រីក្រសួងយុត្តិធម៌ លោក ចេហ្វ សេសសិនស៍ (Jeff Sessions) បញ្ចប់ការស៊ើបអង្កេតរបស់លោក Mueller។ លោក Mueller បានចាប់ផ្ដើមស៊ើបអង្កេតកាលពីខែឧសភា ឆ្នាំ២០១៧ ហើយលោកបានចោទប្រកាន់មនុស្ស ៣២នាក់ ឬទទួល ចម្លើយសារភាពពីមនុស្ស ៣២នាក់ ក្នុងនោះរួមមានទំាងមនុស្សជំនិតជាច្រើននាក់របស់លោក ដូណាល់ ត្រាំ ផងដែរ៕