(វ៉ាស៊ីនតោន)៖ អនុប្រធានាធិបតីអាមេរិកលោក ម៉ៃក៍ ផែន (Mike Pence) បានទទួលស្វាគមន៍ការវិលត្រឡប់មកវិញ នៃអដ្ឋិធាតុរបស់កងទ័ពអាមេរិក ដែលបានពលជីវិតកាលពីសម័យសង្រ្គាមកូរ៉េ ក្នុងពិធីមួយដែលប្រព្រឹត្តទៅនៅលើកោះហាវ៉ៃនាថ្ងៃពុធសប្តាហ៍នេះ (ពេលវេលានៅអាមេរិក)។ នេះបើតាមការដកស្រង់ការផ្សាយចេញពី ទីភ្នាក់ងារព័ត៌មានចិន ស៊ីនហួរ នៅរសៀលថ្ងៃព្រហស្បតិ៍ ទី០២ ខែសីហា ឆ្នាំ២០១៨។
អដ្ឋិធាតុខាងលើនេះ ត្រូវបានបញ្ជូនពីកូរ៉េខាងជើងទៅកាន់មូលដ្ឋានទ័ពអាកាសអាមេរិក អូសាន (Osan) ប្រទេសកូរ៉េខាងត្បូងតាំងពីសប្តាហ៍មុនម្ល៉េះ ខណៈពេលនេះទើបដឹកជញ្ជូនមកទឹកដីអាមេរិកជាផ្លូវការ។ នាឱកាសចូលរួមពិធីខាងលើ នៅឯមូលដ្ឋានទ័ពអាកាស ហ៊ីកខាំ (Hickam) នៃរដ្ឋហោះវ៉ៃ លោក Pence បានលើកឡើងថា ការមកដល់នៃអដ្ឋិធាតុទាហានអាមេរិកទាំងនេះ គឺជាសញ្ញាវឌ្ឍនភាពប្រកបដោយភាពវិជ្ជមានមួយ នៅក្រោយកិច្ចប្រជុំកំពូលជាប្រវត្តិរវាងប្រធានាធិបតីអាមេរិកលោក ដូណាល់ ត្រាំ និងប្រមុខដឹកនាំកំពូលកូរ៉េខាងជើងលោក គីម ជុងអ៊ុន នៅសិង្ហបុរីកាលពីខែមិថុនា។
គួរជម្រាបថា លោក គីម ជុងអ៊ុន បានព្រមព្រៀងជាមួយលោក ត្រាំ ថានឹងបញ្ចូនអដ្ឋិធាតុកងទ័ពអាមេរិកមកវិញ នៅអំឡុងកិច្ចប្រជុំកំពូលរវាងមេដឹកនាំទាំងពីរ ដែលជាជំនួបដំបូងបំផុតពុំធ្លាប់មាន រវាងមេដឹកនាំកូរ៉េខាងជើង និងប្រធានាធិបតីអាមេរិកកំពុងកាន់អំណាច៕