(ចិន)៖ ក្នុងតំបន់ជាច្រើនក្នុងប្រទេសចិន បច្ចេកវិទ្យាអ៊ិនធើណេត កំពុងពង្រឹងសេវាកម្មព្យាបាលជំងឺ និងថែទាំសុខភាព ដោយជួយសម្រួលដល់ដំណើរការ នៃការព្យាបាលជំងឺ ព្រមទាំងផ្តល់ភាពងាយស្រួលដល់អ្នកជំងឺផងដែរ។
បន្ទាប់ពីបានដាក់ឲ្យប្រើប្រាស់ នូវប្រព័ន្ធវេជ្ជសាស្ត្រឆ្លាតវ័យក្នុងមន្ទីរពេទ្យមួយ នៅអាណាខេត្ត ឆាងស៊ីង (Changxing) នៅខេត្ត ជឺជាំង (Zhejiang) ភាគខាងកើតប្រទេសចិនរួចមក ឥឡូវនេះអ្នកជំងឺអាចជួបជាមួយគ្រូពេទ្យដោយផ្ទាល់ បន្ទាប់ពីឆូតកាតអ្នកជំងឺដែលពួកគេមាន ជាមួយម៉ាស៊ីនវេជ្ជសាស្ត្រឆ្លាតវ័យ ដែលបានដំឡើងនៅខាងក្រៅបន្ទប់ពិគ្រោះជំងឺ។ ម៉ាស៊ីននេះ ជួយកាត់បន្ថយពេលវេលារង់ចាំជួបគ្រូពេទ្យ។
បន្ថែមពីនេះទៅទៀត អ្នកជំងឺអាចបង់ថ្លៃសេវាព្យាបាល តាមរយៈម៉ាស៊ីនស្គែនកាតអ្នកជំងឺ ដែលមាននៅក្នុងបន្ទប់ពិគ្រោះជំងឺដោយផ្ទាល់តែម្តង ជាជាងឈរតម្រង់ជួររងចាំបង់ប្រាក់។
អ្នកស្រី ចាវ អាយភីង ប្រជាពលរដ្ឋបាននិយាយថា «កាលពីមុន ខ្ញុំឃើញមានគ្រូពេទ្យម្នាក់នៅទីនេះ ប៉ុន្តែខ្ញុំត្រូវតម្រង់ជួរដើម្បីបង់លុយ និងបើកថ្នាំរបស់ខ្ញុំនៅជាន់ក្រោម។ ប៉ុន្តែឥឡូវ គ្រូពេទ្យក៏អាចធ្វើកិច្ចការទាំងអស់នេះឲ្យខ្ញុំបាន តាមរយៈប្រព័ន្ធវេជ្ជសាស្ត្រឆ្លាតវ័យ។ ខ្ញុំគ្រាន់តែចុះទៅជាន់ក្រោមដើម្បីបើកថ្នាំទៅ វារួចស្រេចទៅហើយ។ វាពិតជាងាយស្រួលណាស់»។
នៅតាមតំបន់ដាច់ស្រយាលខ្លះ ក្នុងប្រទេសចិន វត្តមានរបស់ប្រព័ន្ធព្យាបាលជំងឺពីចម្ងាយ បានអនុញ្ញាតឲ្យអ្នកជំងឺអាចពិគ្រោះជំងឺ ជាមួយគ្រូពេទ្យពីចម្ងាយបាន ដែលនេះបានផ្តល់ភាពងាយស្រួលបន្ថែមទៀតដល់ប្រជាពលរដ្ឋ។
ប្រព័ន្ធនេះ ត្រូវបានគេសបញ្ជាក់ឱ្យឃើញថា ជាមធ្យោបាយដ៏មានប្រសិទ្ធភាពមួយសម្រាប់អ្នកជំងឺ ជាពិសេសសម្រាប់អ្នកដែលមិនអាចមកជួបជាមួយ គ្រូពេទ្យដោយផ្ទាល់បាន ដោយសារតែបញ្ហាស្ទះចរាចរណ៍ និងដោយសារសុខភាពចុះទ្រុឌទ្រោមពេក។
នៅតាមអាណាខេត្តជាង១៨០០ កន្លែងទូទាំងប្រទេសចិន មានច្រើនជាង ១ម៉ឺន៣ពាន់មន្ទីរពេទ្យទៅហើយ ដែលបានប្រើប្រាស់សេវាកម្មព្យាបាលជំងឺពីចម្ងាយ ដែលជួយកាត់បន្ថយភាពលំបាកបានយ៉ាងច្រើន ក្នុងការទទួលសេវាព្យាបាលជំងឺ នៅតាមតំបន់ព្រំដែន និងតំបន់ដាច់ស្រយាល៕ (សារព័ត៌មាន CCTV របស់ចិន)