(សេអ៊ូល)៖ រដ្ឋាភិបាលកូរ៉េខាងត្បូង នៅថ្ងៃព្រហស្បតិ៍នេះបានឱ្យដឹងថា ខ្លួនបានបញ្ជូននាវាចម្បាំងមួយគ្រឿងទៅកាន់ប្រទេសលីប៊ី ដែលជាការបង្ហាញចេតនាចង់បង្ហាញកម្លាំងសាច់ដុំ ដើម្បីធានាឱ្យមានការដោះលែងជនជាតិកូរ៉េខាងត្បូងម្នាក់ ដែលត្រូវបានគេចាប់ពង្រត់ ជាមួយជនជាតិហ្វីលីពីនបីនាក់ផ្សេងទៀត នៅក្នុងប្រទេសអាហ្វិ្រកខាងជើងមួយនេះ។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន Channel News Asia នៅថ្ងៃព្រហស្បតិ៍ ទី០២ ខែសីហា ឆ្នាំ២០១៨។
នាវាចម្បាំង មហាមុនមូ (Munmu the Great) មានទម្ងន់ ៤,០០០តោន និងកំពុងប្រតិបត្តិការប្រឆាំងនឹងចោរសមុទ្រនៅឈូងសមុទ្រ អេដិន (Aden) កំពុងធ្វើដំណើរឆ្ពោះទៅកាន់ប្រទេសលីប៊ី ក៏ដូចជាត្រៀមខ្លួនផងដែរក្នុងកិច្ចខិតខំប្រឹងប្រែងគ្រប់លទ្ធភាពទាំងអស់ក្នុងនោះរួមមានការគំាទ្រផ្នែកយោធា ដើម្បីធានាឱ្យមានការដោះលែងជនជាតិកូរ៉េខាងត្បូង ដែលត្រូវបានគេចាប់ពង្រត់។
គួរជម្រាបថា បុរសជាជនជាតិកូរ៉េខាងត្បូងម្នាក់ និងបុរសជនជាតិហ្វីលីពីនបីនាក់ទៀត ជាវិស្វករនៅឯទីតាំងនៃគម្រោងសា្ដរប្រព័ន្ធទឹក នៅឯភាគខាងលិចប្រទេសលីប៊ី ត្រូវបានគេចាប់ពង្រត់កាលពីថ្ងៃទី០៦ ខែកក្កដា នៅក្នុងការវាយប្រហារមួយ។ ចំណែកឯ វិដេអូមួយត្រូវបានបង្ហោះនៅលើអ៊ីធើណែតនាពេលថ្មីៗនេះ ក៏បានបង្ហាញពីបុរសជាច្រើនឈរ នៅពីក្រោយអ្នកទាំងបួននាក់នេះ ប៉ុន្តែបុរស ប្រដាប់អាវុធទាំងនោះមិនត្រូវបានគេកំណត់អត្តសញ្ញាណទេ ហើយក៏មិនទាន់មានក្រុមណាមួយចេញមុខទទួលខុសត្រូវ លើការវាយប្រហារនោះដែរ៕