(វ៉ាស៊ីនតោន)៖ មន្រ្តីរដ្ឋាភិបាលក្រុងវ៉ាស៊ីតោនបានឲ្យដឹងថា សហរដ្ឋអាមេរិក អាចនឹងបង្កើនអត្រាយកពន្ធ ចំពោះទំនិញនាំចូលពីចិនបន្ថែមទៀត ពីលើគំរោងបន្ថែមពន្ធស្រាប់ក្នុងទំហំប្រមាណ២០០ពាន់លានដុល្លារ ដែលខ្លួនបានគ្រោងទុករួចជាស្រេច ខណៈសហរដ្ឋអាមេរិកកំពុងបន្តការដាក់សម្ពាធទីក្រុងប៉េកាំង ឲ្យធ្វើការផ្លាស់ប្តូររបៀបធ្វើពាណិជ្ជកម្ម។ នេះបើតាមការដកស្រង់ការផ្សាយចេញ ពីសារព័ត៌មាន Channel News Asia នៅរសៀលថ្ងៃព្រហស្បតិ៍ ទី០២ ខែសីហា ឆ្នាំ២០១៨។
បើតាមលោក រ៉ូប៊ឺត ឡៃធីសឺ (Robert Lighthizer) ដែលជាអ្នកតំណាងពាណិជ្ជកម្មអាមេរិក (USTR) ប្រធានាធិបតីអាមេរិកលោក ដូណាល់ ត្រាំ បានបង្គាប់ឲ្យ USTR គិតគូរបង្កើនអត្រានៃគម្រោងដំឡើងពន្ធខាងលើ ពី១០ភាគរយ ទៅដល់ ២៥ភាគរយ។ លោក Lighthizer បានបន្តថា ទីក្រុងវ៉ាស៊ីនតោន បានបញ្ជាក់យ៉ាងច្បាស់ចំពោះការផ្លាស់ប្តូរ ដែលចិនគួរតែធ្វើការអនុវត្តន៍ ប៉ុន្តែគួរឲ្យសោកស្តាយដោយជំនួសឲ្យការកែប្រែអាកប្បកិរិយាគ្រោះថ្នាក់របស់ខ្លួន ទីក្រុងប៉េកាំង បែរជាបានធ្វើការសងសឹកដោយខុសច្បាប់មកលើ បុគ្គលិក កសិករ និងអាជីវកររបស់អាមេរិកទៅវិញ។
គួរជម្រាបថា ទីក្រុងវ៉ាស៊ីនតោន និងប៉េកាំងកំពុងជាប់គាំងនៅក្នុងសមរភូមិពាណិជ្ជកម្ម ជុំវិញការចោទប្រកាន់របស់សហរដ្ឋអាមេរិក ដែលថាវិស័យនាំចេញរបស់ចិន ទទួលបានអត្ថប្រយោជន៍យ៉ាងច្រើនលើសលុប ទៅដល់សេដ្ឋកិច្ចមហាយក្សសេដ្ឋកិច្ចទីពីរ នៅលើពិភពលោកនេះ ដែលបានមកពីគោលការណ៍គ្មានតម្លាភាព និងការលួចយកបច្ចេកវិទ្យាពីអាមេរិក។ ទោះបីជាបែបនេះក្តី ប្រទេសចិនធ្លាប់បានអះអាងជាច្រើនដងថា ទង្វើរបស់អាមេរិក គឺនឹងបំផ្លាញផលប្រយោជន៍នៃប្រជាជនទាំងសងខាង ហើយប្រទេសចិនស្វាគមន៍ការអង្គុយចុះ ដោះស្រាយបញ្ហាគ្នាជាលក្ខណៈទេ្វភាគី៕