(សិង្ហុបុរី)៖ ចិន និងកម្ពុជានៅថ្ងៃពុធសប្ដាហ៍នេះបានសន្យាថា នឹងចូលរួមរក្សាគោលនយោបាយពុហភាគីនិយម ដើម្បីរក្សាសន្តិភាព និងស្ថេរភាពនៅក្នុងតំបន់។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន China Daily នៅរសៀលថ្ងៃព្រហស្បតិ៍ ទី០២ ខែសីហា ឆ្នាំ២០១៨។
ការប្ដេជ្ញាចិត្តនេះធ្វើឡើងនៅក្នុងជំនួបរវាងរដ្ឋមន្ត្រីការបរទេសចិន លោក វ៉ាង យី និងរដ្ឋមន្ត្រីការបទេសកម្ពុជាលោក ប្រាក់ សុខុន នៅឯកិច្ចប្រជុំថ្នាក់រដ្ឋមន្ត្រីការបរទេស នៃសមាគមអាស៊ានលើកទី៥១ ក្នុងប្រទេសសិង្ហបុរី។ នៅក្នុងជំនួបនោះលោក វ៉ាង បានបញ្ជាក់ទៀតថា នៅក្នុងស្ថានភាពមិនច្បាស់លាស់របស់អន្តរជាតិនាពេលបច្ចុប្បន្ន ចិន និងកម្ពុជា រួមទាំងបណ្ដាប្រទេសដទៃៗទៀតនៅក្នុងតំបន់ ត្រូវតែបញ្ចេញសំឡេងរបស់ខ្លួន គាំទ្រគំនិតពហុភាគីនិយម ដើម្បីប្រឆាំងនឹងគំនិតឯកតោភាគី និងគាំពារនិយម។
បន្ថែមពីលើនេះ រដ្ឋមន្ត្រីការបរទេស និងជាទីប្រឹក្សារដ្ឋចិនលោក វ៉ាង យី ក៏បានកត់សម្គាល់បន្ថែមទៀតថា ប្រទេសចិន និងកម្ពុជាគឺជាមិត្ត និងជាគូដ៏ជិតស្និទ្ធ ខណៈរដ្ឋមន្ត្រីការបរទេសកម្ពុជាលោក ប្រាក់ សុខុន សង្ឃឹមថា ចិននឹងបន្តគាំទ្រយ៉ាងពេញទំហឹងដល់ស្ថេរភាព និងការអភិវឌ្ឍរបស់កម្ពុជានៅពេលអនាគត។
គួរបញ្ជាក់ថា ក្រៅតែពីការប្ដេជ្ញាចិត្តធ្វើការងាររួមគ្នាលោក វ៉ាង យី ថែមទាំងបញ្ជាក់ថា ចិនគាំទ្រការបោះឆ្នោតដោយរលូននៅកម្ពុជា ហើយថាបរទេសមិនគួរជ្រៀតជ្រែកកិច្ចការផ្ទៃក្នុងរបស់កម្ពុជានោះឡើយ៕