(ហ្សេរុយសាឡឹម)៖ នាយករដ្ឋមន្ត្រីអ៊ីស្រាអែលលោក បិនចាមីន ណឺតាន់យ៉ាហ៊ូ (Benjamin Netanyahu) បានព្រមានជាសាធារណៈថា អ៊ីស្រាអែលនឹងប្រើប្រាស់កម្លាំងយោធាជាវិធានការឆ្លើយតប បើសិនជាកងទ័ពអ៊ីរ៉ង់ចូលមកក្បែរ ឬក៏ព្យាយាមបិទច្រកសមុទ្រ បាប់អាល់មែនឌែប (Bab al-Mandeb) ដែលភ្ជាប់សមុទ្រក្រហមទៅកាន់ឈូងសមុទ្រអាដិន (Aden) នោះ។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅព្រឹកថ្ងៃព្រហស្បតិ៍ ទី០២ ខែសីហា ឆ្នាំ២០១៨។
ការព្រមានបែបនេះរបស់លោក ណឺតាន់យ៉ាហ៊ូ ធ្វើឡើងនៅក្នុងពិធីជួបជុំជាមួយកងទ័ពជើងទឹកអ៊ីស្រាអែល ក្នុងទីក្រុងហាអ៊ីហ្វា (Haifa) នៅថ្ងៃពុធសប្ដាហ៍នេះ។ នាឱកាសនោះដែរនាយករដ្ឋមន្ត្រីអ៊ីស្រាអែលរូបនេះបានលើកឡើងដូច្នេះថា «បើសិនជាអ៊ីរ៉ង់ព្យាយាមបិទច្រកសមុទ្រ Bab al-Mandeb ខ្ញុំប្រាកដថា អ៊ីរ៉ង់នឹងត្រូវប្រឈមមុខនឹងកម្លាំងចម្រុះអន្តរជាតិ ដែលនឹងប្ដេជ្ញាចិត្ត ទប់ស្កាត់ការប៉ុនប៉ងនេះឱ្យបាន។ ម្យ៉ាងវិញទៀតកងកម្លាំងចំរុះអន្តរជាតិនេះ ក៏មានកងទ័ពអ៊ីស្រាអែលផងដែរ»។
គួរបញ្ជាក់ថា បើតាមរបាយការណ៍ដាច់ដោយឡែកមួយផ្សេងទៀត កងកម្លាំងឆ្មំាបដិវត្តន៍អ៊ីរ៉ង់ ក៏ត្រូវបានគេរាយការណ៍ដែរថា កំពុងរៀបចំការធ្វើសមយុទ្ធយោធាទ្រង់ទ្រាយធំមួយនៅឯច្រកសមុទ្រ ហ័រមូស (Hormuz) នៅក្នុងរយៈពេល ៤៨ម៉ោងខាងមុខនេះ ខណៈរដ្ឋមន្ត្រីការពារជាតិអ៊ីស្រាអែលលោក អាវីកដ័រ ឡៃប៊ឺមែន (Avigdor Lieberman) អះអាងអំពីការទទួលបានដំណឹងថា អ៊ីរ៉ង់ចង់បំផ្លាញនាវាអ៊ីស្រាអែលនៅសមុទ្រ ក្រហម៕