(ឡុងដ៍)៖ អ្នកវិទ្យសាស្រ្តបានលើកឡើងមធ្យោបាយថ្មីមួយ ដើម្បីស្វែងរកជីវិតនៅក្រៅប្រព័ន្ធព្រះអាទិត្យ ខណៈដែលមធ្យោបាយជាច្រើនទៀត ជាពិសេសគឺការដំណើរការកែវយឺតអវកាស កំពុងតែអនុវត្តន៍យ៉ាងខ្លាំងក្លាបំផុត។ នេះបើតាមការដកស្រង់ការផ្សាយចេញពីទីភ្នាក់ងារព័ត៌មានចិន ស៊ីនហួរ នៅព្រឹកថ្ងៃព្រហស្បតិ៍ ទី០២ ខែសីហា ឆ្នាំ២០១៨។
ការសិក្សាថ្មីមួយដែលចុះផ្សាយនៅលើទស្សនាវដ្តីវិទ្យាសាស្រ្ត Science Advances បានបង្ហាញឲ្យឃើញថា ឱកាសសម្រាប់ឲ្យជីវិតធ្វើការអភិវឌ្ឍនៅលើផ្ទៃនៃភពដែលមានលក្ខណៈដូចជាផែនីនោះ មានជាប់ទាក់ទិនទៅនឹង «ប្រភេទ» ព្រមទាំង«អានុភាពនៃពន្លឺ» ដែលបញ្ចេញដោយផ្កាយមេរបស់វា។
គួរជម្រាបថា បើតាមក្រុមអ្នកស្រាវជ្រាវមកពីសាកលវិទ្យាល័យ Cambridge នៃចក្រភពអង់គ្លេស ផ្កាយនានាដែលបញ្ចេញពន្លឺ UV ក្នុងកម្រិតគ្រប់គ្រាន់ អាចចាប់ផ្តើមជីវិតនៅលើភពទាំងឡាយ ដែលនៅជុំវិញពួកវាបាន ដូចទៅនឹងរបៀបដែលជីវិតទំនងជាបានវិវត្តន៍ឡើងនៅលើភពផែនដីដែរ ជាទីដែលពន្លឺស្វាយអ៊ុលត្រា (Ultrvaviolet) បានផ្តល់ថាមពលដល់ប្រតិកម្មគីមីចាំបាច់ផ្សេងៗ ដែលបានបង្កើតឡើងជាសសរគ្រឹះនៃជីវិត។
ដូច្នេះការស្វែងយល់ស្ថានភាពពន្លឺ នៃពពួកផ្កាយដែលកែវយឺតបានអង្កេតឃើញនោះ ពិតជាមូលដ្ឋានគ្រឹះដ៏សំខាន់ដើម្បីបញ្ជាក់ថា ភពដែលត្រូវបានរកឃើញនៅជុំវិញផ្កាយនោះ អាចមានមួយណាអាចទ្រទ្រង់ជីវិតបាន ឬទេ។ ទោះបីជាភពនោះមានទំហំ និងគន្លងត្រឹមត្រូវដែលអាចស្វាគមន៍ជីវិតដូចភពផែនដីក៏ដោយ តែបើពន្លឺចេញពីផ្កាយមេរបស់វា មិនអំណោយផលសម្រាប់ជីវិតនោះ យើងក៏មិនចាំបាច់ខាតពេលទៅសិក្សាពីវានោះដែរ៕