(វ៉ាស៊ីនតោន)៖ សេតវិមានបានចេញមុខទទួលស្គាល់ថា រដ្ឋាភិបាលឥណ្ឌាបានអញ្ចើញប្រធានាធិបតីអាមេរិកលោក ដូណាល់ ត្រាំ ឲ្យទៅបំពេញទស្សនកិច្ចនៅឯប្រជាជាតិអាស៊ីខាងត្បូងមួយនេះ ប៉ុន្តែការសម្រេចចិត្តចុងក្រោយ ពុំទាន់ត្រូវបានធ្វើឡើងនៅឡើយទេ។ នេះបើតាមការដកស្រង់ការផ្សាយចេញពីទីភ្នាក់ងារព័ត៌មានចិន ស៊ីនហួរ នៅព្រឹកថ្ងៃព្រហស្បតិ៍ ទី០២ ខែសីហា ឆ្នាំ២០១៨។
ការបញ្ជាក់ខាងលើត្រូវបានធ្វើឡើងដោយ អ្នកនាំពាក្យសេតវិមានអាមេរិកលោកស្រី សារ៉ាហ៍ សេនដឺស (Sarah Sanders)។ លោកស្រី Sanders បានបន្ថែមថា រដ្ឋមន្រ្តីការបរទេសលោក ម៉ៃក៍ ប៉ុមប៉េអូ (Mike Pompeo) និងរដ្ឋមន្រ្តីការពារជាតិលោក ចេមស៍ ម៉ាត់ទីស (James Mattis) អាចនឹងចាប់ផ្តើមការជជែកពិភាក្សាជុំវិញរឿងនេះ នាខែក្រោយ នៅពេលដែលរដ្ឋមន្រ្តីទាំងពីរធ្វើដំណើរទៅឥណ្ឌានៅខែកញ្ញា។
គួរជម្រាបថា កាលពីខែកក្កដាកន្លងទៅ បណ្តាញសារព័ត៌មានឥណ្ឌា បានចុះផ្សាយថា នាយករដ្ឋមន្រ្តីឥណ្ឌា លោក Narendra Modi បានអញ្ជើញលោក ត្រាំ ដើម្បីធ្វើជាភ្ញៀវកិត្តិយសពិសេស សម្រាប់ពិធីព្យុហយាត្រានៃទិវាសាធាណរដ្ឋ (Republic Day) នៅខែមករា ឆ្នាំក្រោយ (២០១៩)។
យ៉ាងណាមិញ ភាពមិនចុះសម្រុងគ្នានៅតែមានរវាងប្រទេសទាំងពីរ ជុំវិញការដំឡើងលើវិស័យពាណិជ្ជកម្ម ដោយអាមេរិកបានគំរាមដាក់ពិន័យលើឥណ្ឌា ជុំវិញការទិញប្រេងពីអ៊ីរ៉ង់ និងការគ្រោងទិញប្រព័ន្ធមីស៊ីលការពារអាកាស S-400 ពីរុស្ស៊ី៕