(អង់ការ៉ា)៖ ក្រសួងការបទេសតួកគីបានព្រមានថា ទីក្រុងអង់ការ៉ានឹងចាត់វិធានការសងសឹកប្រឆាំងនឹងសហរដ្ឋអាមេរិក ដែលបានដាក់ទណ្ឌកម្មលើរដ្ឋមន្ត្រីតួកគីពីររូប ជុំវិញការឃុំខ្លួនលោកឳសាសនាគ្រិស្ដសាជនជាតិអាមេរិកម្នាក់ឈ្មោះ អាន់ឌ្រូ ប្រ៊ូសុន (Andrew Brunson)។ នេះបើ តាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មានចិនស៊ីនហួរ នៅព្រឹកថ្ងៃព្រហស្បតិ៍ ទី០២ ខែសីហា ឆ្នាំ២០១៨។
នៅក្នុងសេចក្ដីថ្លែងការណ៍របស់ខ្លួន ក្រសួងការបរទេសតួកគីបានគូសបញ្ជាក់យ៉ាងដូច្នេះថា «ការចាត់វិធានការឆ្លើយតប នឹងត្រូវធ្វើឡើងដោយគ្មានការពន្យារពេលឡើយ ដើម្បីប្រឆាំងនឹងដាក់ទណ្ឌកម្មមួយនេះ ដែលគ្មានហេតុផលទាល់តែសោះ»។ បន្ថែមពីលើនេះ ក្រសួងការបរទេសតួកគី ក៏បានថ្កោលទោសក្រសួងរតនាគារជាតិអាមេរិក ព្រមទាំងចាត់ទុកថា ការដាក់ទណ្ឌកម្មនេះនឹងធ្វើ ឱ្យខូចខាតដល់ទំនាក់ទំនងរវាងប្រទេសទាំងពីរ។
គួរជម្រាបថា កាលពីថ្ងៃពុធក្រសួងរតនាគារជាតិអាមេរិក បានសម្រេចចិត្តដាក់ទណ្ឌកម្មលើរដ្ឋមន្ត្រីយុត្តិធម៌តួកគី លោក អាប់ឌុលហាមីត ហ្គូល (Abdulhamit Gul) និងរដ្ឋមន្ត្រីមហាផ្ទៃ លោក ស៊ូឡៃមែន សយលូ (Suleyman Soylu) ដោយចោទថា អ្នកទាំងពីរមានជាប់ពាក់ព័ន្ធនឹងការចាប់ និងឃុំខ្លួនលោក Andrew Brunson៕