(មីយ៉ាន់ម៉ា)៖ ការព្រួយបារម្ភ និងការភ័យខ្លាចកំពុងមានការកើនឡើង ស្របពេលកំរិតទឹកនៅតែបន្តហក់ឡើងខ្ពស់ ដោយសារតែគ្រោះទឹកជំនន់ នៅឯភាគអាគ្នេយ៍ប្រទេសមីយ៉ាន់ម៉ា ជាទីដែលមនុស្សច្រើនជាង ១៣០,០០០នាក់ ត្រូវបានជម្លៀសទៅកាន់កន្លែងមានសុវត្ថិភាព និងជាច្រើននាក់បានបាត់បង់ជីវិត។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន Channel News Asia នៅព្រឹកថ្ងៃព្រហស្បតិ៍ ទី០២ ខែសីហា ឆ្នាំ២០១៨។
តំបន់ដីស្រែចំការមួយផ្នែកធំ នៅក្នុងខេត្តចំនួន ០៤ ត្រូវបានទឹកជន់លិច រីឯក្រុមអ្នកជួយសង្រ្គោះកំពុងព្យាយាមចូលទៅដល់តំបន់រងគ្រោះ ដោយជិះទូក ដើម្បីផ្គត់ផ្គង់ស្បៀងអាហារដល់អ្នកដែលមិនអាចចាកចេញ ឬបដិសេធចាកចេញពីផ្ទះរបស់ពួកគេ។ លើសពីនេះទៅទៀត ការចេញបញ្ជាឱ្យជម្លៀសប្រជាជននៅតែត្រូវអនុវត្តន៍នៅទូទាំងខេត្ត Bago, Karen, Mon និងខេត្ត Taninthari ដ្បិតខេត្តទាំងនេះមានទំនប់វារីអគ្គិសនីចំនួន ៣៦កន្លែង។
គួរបញ្ជាក់ថា បើតាមអាជ្ញាធរមីយ៉ាន់ម៉ា គិតត្រឹមល្ងាចថ្ងៃអង្គារ មនុស្សច្រើនជាង ១៣២,០០០នាក់ ត្រូវបានជម្លៀសទៅកាន់ជម្រកស្នាក់ នៅបណ្ដោះអាសន្ន ហើយ ១២នាក់ផ្សេងទៀតបានស្លាប់៕