(ពិភពលោក)៖ នៅថ្ងៃពុធ ទី០១ ខែសីហា ឆ្នាំ២០១៨នេះ ព្រឹត្តិការណ៍អន្តរជាតិសំខាន់ៗ ជាច្រើនបានកើតឡើង រួមមានទាំង ព្រឹត្តិការណ៍នយោបាយ និងស្ថានការណ៍ទូទាំងសកលលោកដ៏គួរឲ្យចាប់អារម្មណ៍ជាច្រើន។ ដូច្នេះបើចង់ដឹងថាតើព្រឹត្តិការណរូបភាពប្រចាំថ្ងៃនេះមានអ្វីខ្លះនោះសូមទស្សនាដូចខាងក្រោម៖
១៖ រដ្ឋាភិបាលថៃបានស្នើឱ្យរដ្ឋាភិបាលអង់គ្លេស ធ្វើបត្យាប័នអតីតនាយករដ្ឋមន្ត្រីថៃលោកស្រី យីងឡាក់ ស៊ីណាវ៉ាត់ (Yingluck Shinawatra) ដែលត្រូវបានតុលាការកាត់ទោសកំបាំងមុខដាក់ពន្ធនាគារ ពីបទធ្វេសប្រហែសធ្វើឱ្យខាតបង់ថវិការដ្ឋរាប់ពាន់លានដុល្លារ៕
២៖ យោធារុស្ស៊ីបានចេញផ្សាយវីដេអូមួយ បង្ហាញពីការបាញ់សាកល្បងមីស៊ីលលឿនជាងសំឡេង Kh-31 Supersonic ចេញពីយន្ដហោះចម្បាំង Sukhoi Su-34 មួយគ្រឿងកាលពីពេលថ្មីៗនេះ៕
៣៖ អាជ្ញាធរអាកាសចរណ៍ស៊ីវិលមិចស៊ីកូ បានអះអាងជាបឋមថា មូលហេតុដែលបណ្ដាលឱ្យយន្ដហោះ របស់ក្រុមហ៊ុនអាកាសចរណ៍អ៊ែរ៉ូមិចស៊ីកូ (Aeromexico) ធ្លាក់គឺអាចបណ្ដាលមកពីបញ្ហាអាកាសធាតុអាក្រក់។ ទន្ទឹមគ្នា ក្រុមអាជ្ញាធរក៏បានកែតម្រូវព័ត៌មានឡើងវិញដែរ ដោយបញ្ជាក់ថាមានអ្នកជិះនៅលើយន្ដហោះនេះទាំងអស់ ១០៣នាក់៕
៤៖ រដ្ឋមន្រ្តីមហាផ្ទៃថៃលោក អនុពង្ស ផៅចិន្តា (Anupong Paochinda) បានបង្គាប់ឲ្យអភិបាលនៅខេត្តភាគខាងជើងប្រទេសទាំងអស់ រៀបចំចាត់ចែងការជម្លៀសខ្លួនប្រជាជនចេញទៅកាន់ទីសុវត្ថិភាព ខណៈដែលកម្ពស់ទឹកនៅឯដងទន្លេមេគង្គ នៅតែបន្តកើនឡើងយ៉ាងគំហុក៕
៥៖ Mars នាថ្ងៃពុធនេះ គឺកំពុងស្ថិតនៅកៀកជាមួយផែនដីបំផុត គិតក្នុងអំឡុងពេល ១៥ឆ្នាំ កន្លងមកនេះដែលជាទស្សនីយ ភាពគួរឲ្យចាប់អារម្មណ៍មួយផ្សេងទៀត នៃវិស័យតារាសាស្រ្ត៕
៦៖ អ្នកប្រយុទ្ធរហូតដល់ទៅ ២០០នាក់ ក្នុងនោះមានទាំងមេដឹកនាំជាន់ខ្ពស់មួយចំនួនផងដែររបស់ក្រុមភេរវករ ISIS បានទម្លាក់អាវុធចុះហើយប្រគល់មកឲ្យអាជ្ញាធរក្នុងតំបន់នៃស្រុក ដារសាប់ (Darzab) នៅខេត្តហ្សសចេន (Jawzjan) ភាគខាងជើងអាហ្វហ្គានីស្ថាននៅថ្ងៃពុធនេះ៕