(ប៉េកាំង)៖ Mars នាថ្ងៃពុធនេះ គឺកំពុងស្ថិតនៅកៀកជាមួយផែនដីបំផុត គិតក្នុងអំឡុងពេល ១៥ឆ្នាំ កន្លងមកនេះ ដែលជាទស្សនីយភាពគួរឲ្យចាប់អារម្មណ៍មួយផ្សេងទៀត នៃវិស័យតារាសាស្រ្ត។ នេះបើតាមការដកស្រង់ការផ្សាយចេញពីទីភ្នាក់ងារព័ត៌មានចិន ស៊ីនហួរ នៅល្ងាចថ្ងៃពុធ ទី០១ ខែសីហា ឆ្នាំ២០១៨។
ទីភ្នាក់ងារអវកាសអាមេរិក NASA បានឲ្យដឹងថា ភពក្រហមនេះ និងផែនដី មិននៅជិតគ្នាដូចខណៈពេលនេះឡើយ ចាប់តាំងតែពីឆ្នាំ២០០៣មក ហើយឱកាសដ៏កម្របែបនេះ នឹងមិនអាចកើតមានទៀតឡើយរហូតដល់ឆ្នាំ២០៣៥។ នាពេលកន្លងមកនេះ តារាវិទូនៅជុំវិញពិភពលោក បានហ្វឹកហាត់វិធីឆ្លុះដោយប្រើតេឡេស្កូបរបស់ពួកគេទៅលើផ្ទៃមេឃ ដើម្បីត្រៀមសម្រាប់ថ្ងៃនេះ នៅពេលដែលភពអង្គារ (Mars) ស្ថិតនៅចម្ងាយ ៥៧.៦លានគីឡូម៉ែត្រ ពីភពផែនដី។
គួរជម្រាបថា អ្នកវិទ្យាសាស្រ្តមានការចាប់អារម្មណ៍ចំពោះគន្លងធ្វើគោចររបស់ Mars គឺដោយសារតែវាជួយក្នុងការសម្រេចពេលវេលាដ៏ប្រសើរបំផុត សម្រាប់ការបាញ់បង្ហោះយានអវកាស។ នៅពេលព្រះអាទិត្យ ផែនដី និងភពអង្គារ ឈរលើខ្សែបន្ទាត់តែមួយ ដោយភពរបស់យើងស្ថិតនៅចន្លោះកណ្តាលនោះ គឺបាតុភូតនេះដែលគេហៅថា Opposition កំពុងតែប្រព្រឹត្តទៅហើយ គឺវាផ្តល់ឱកាសឲ្យ Mars បញ្ចេញពន្លឺចែងចាំងខុសពីសព្វមួយដង។ NASA បានពន្យល់ថា នៅពេលបាតុភូត Opposition កើតឡើង ភពមួយនោះក៏ស្ថិតនៅកៀកបំផុតជាមួយផែនដីផងដែរ។
ដោយសារតែ បាតុភូត Opposition នៃផែនដី និងភពអង្គារ តែងកើតឡើងជារៀងរាល់ ០២ឆ្នាំម្តងនោះ ទើបយើងមើលឃើញថា បេសកកម្មភាគច្រើនរបស់ NASA ទៅកាន់ភពក្រហមនេះត្រូវបានប្រព្រឹត្តទៅដោយរំលងគ្នាយ៉ាងតិចក៏ពីរឆ្នាំដែរ ដើម្បីឆក់យកឱកាសនៃរយៈចម្ងាយដ៏ខ្លីរវាងភពទាំងពីរ។
ដោយឡែកការខិតចូលមកកៀករបស់ភពអង្គារនាឆ្នាំនេះ ពុំមែនជាកំណត់ត្រាអស្ចារ្យបំផុតនោះឡើយ ពីព្រោះថារយៈចម្ងាយខ្លីបំផុតដែលអាចកើតមានបានរវាងផែនដីនិងភពអង្គារ គឺប្រមាណ ៥៤.៦លានគីឡូម៉ែត្រ ហើយវាកម្រកើតមានខ្លាំងណាស់។ ចំណែកកាលពីឆ្នាំ២០០៣វិញ Mars បានខិតមកនៅចម្ងាយ៥៥.៧លានគីឡូម៉ែត្រកៀកនឹងផែនដី ហើយកាលនោះគឺជាចម្ងាយខ្លីបំផុត ក្នុងអំឡុងពេលជិត៦០,០០០ឆ្នាំកន្លងទៅ។ សម្រាប់ទិដ្ឋភាពដ៏កៀកបែបនេះដូចឆ្នាំ២០០៣ នឹងគ្មានឱកាសកើតមានទៀតឡើយ រហូតដល់ឆ្នាំ២២៨៧ឯណោះ។
បន្ទាប់មកទៀត ភពអង្គារនិងផែនដី នឹងចាប់ផ្តើមឃ្លាតឆ្ងាយពីគ្នាវិញ ប៉ុន្តែវានៅតែអាចមើលឃើញនៅលើផ្ទៃដដែល ខណៈពន្លឺរបស់វានឹងចុះខ្សោយ ជាហេតុធ្វើឲ្យពិបាកក្នុងការស្វែងរកមើលបន្តិច៕