(ប៉េកាំង)៖ សារព័ត៌មាន Beijing Youth Daily នៅថ្ងៃពុធនេះបានរាយការណ៍ថា នៅទីបំផុតយន្ដហោះគ្មានមនុស្សបើក ឬដ្រូន (Drone) ត្រូវបានគេប្រើប្រាស់ដើម្បីតាមដានការរំលោភច្បាប់ចរាចរណ៍ហើយ នៅក្នុងទីក្រុង ជីណាន (Jinan) នៃខេត្តសានទុង (Shandong) ភាគខាងកើតប្រទេសចិន។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មានចិន ស៊ីនហួរ នៅល្ងាចថ្ងៃពុធ ទី០១ ខែសីហា ឆ្នាំ២០១៨។
យោងតាម Beijing Youth Daily យន្ដហោះដ្រូនបួនគ្រឿងបានចាប់ផ្ដើមត្រួតពិនិត្យចរចរណ៍ និងកំពុងផ្ដល់ជំនួយដល់អាជ្ញាធរ។ យន្ដហោះដ្រូនទាំងនេះ ដែលបំពាក់ទៅដោយកាមេរ៉ាមានសមត្ថភាពខ្ពស់ បានរកឃើញបទល្មើសចរាចរណ៍ចំនួនប្រំាករណី ក្នុង រយៈពេលកន្លះម៉ោងដំបូងនៃការចាប់ផ្ដើមប្រតិបត្តិការ។
គួរបញ្ជាក់ថា យន្តហោះដ្រូនទាំងនេះអាចតាមដានសកម្មភាពខុសច្បាប់របស់អ្នកបើកបរ ក្នុងនោះរួមមានការប្រើប្រាស់ទូរស័ព្ទដៃក្នុងពេលកំពុងបើកបរ ព្រមទាំងអាចឃ្លាំមើលលើតំបន់ ដែលអាជ្ញាធរមិនអាចចូលទៅដល់។ យន្ដហោះដ្រូនបានចាប់ផ្ដើមធ្វើតេស្ដសាកល្បងកាលពីខែមេសាកន្លងទៅ និងអាចពង្រីកការប្រើប្រាស់ទូទាំងប្រទេសចិន ប្រសិនបើផែនការនេះមានភាពវិជ្ជមានកាន់តែខ្លាំង៕