(កាប៊ុល)៖ អ្នកប្រយុទ្ធរហូតដល់ទៅ ២០០នាក់ ក្នុងនោះមានទាំងមេដឹកនាំជាន់ខ្ពស់មួយចំនួនផងដែររបស់ក្រុមភេរវករ ISIS បានទម្លាក់អាវុធចុះហើយប្រគល់មកឲ្យអាជ្ញាធរក្នុងតំបន់នៃស្រុក ដារសាប់ (Darzab) នៅខេត្តហ្សសចេន (Jawzjan) ភាគខាងជើងអាហ្វហ្គានីស្ថាននៅថ្ងៃពុធនេះ។ នេះបើតាមការដកស្រង់ការផ្សាយចេញពីទីភ្នាក់ងារព័ត៌មានចិន ស៊ីនហួរ នៅរសៀលថ្ងៃពុធ ទី០១ ខែសីហា ឆ្នាំ២០១៨។
យោងតាមអភិបាលខេត្ត Jawzjan ជនសកម្មប្រយុទ្ធ ISIS ចំនួន ២០០នាក់ ដោយរួមមានទាំងមេដឹកនាំជាន់ខ្ពស់របស់ពួកគេ មានឈ្មោះដូចជា ម៉រឡាវី អាប៊ីប៊ូលឡាហ៍ (Mawlawi Habibullah), ម៉ាហ្វទី ណេម៉ាទូលឡាហ៍ (Mafti Nematullah), និង ម៉រឡាវី ស៊ូហ៍បាត (Mawlawi Suhbat) បានបោះបង់ចោលសមរភូមិ ហើយប្រគល់សព្វាវុធទាំងអស់របស់ខ្លួន មកកាន់អាជ្ញាធរក្នុងស្រុក Darzab កាលពីព្រឹកថ្ងៃពុធនេះ។
គួរជម្រាបថា បើតាមមន្រ្តីខាងលើការលើកទង់ជ័យសបែបនេះរបស់ ISIS ដាក់រដ្ឋាភិបាល ត្រូវបានធ្វើឡើង នៅចំពោះមុខការប្រយុទ្ធគ្នាយ៉ាងកក្រើករវាងក្រុមឧទ្ទាមតាលីបង់ និងក្រុម ISIS នៅស្រុក Darzab និងស្រុក គូសតេផា (Qush Tepa) ដែលនៅជាប់គ្នា ហើយសកម្មភាពទាំងអស់នោះ បានបន្សល់ទុកឲ្យមនុស្សយ៉ាងតិច ៣០០នាក់ស្លាប់ ដោយគិតទាំងខាងតាលីបង់ និង ISIS ក្នុងរយៈពេល ០៣សប្តាហ៍កន្លងទៅនេះ។ ចំណែកស្រុក Darzab នេះវិញ ធ្លាប់ត្រូវគេចាត់ទុកថា ជាមូលដ្ឋានដ៏សំខាន់មួយរបស់ ISIS សម្រាប់រយៈពេល ០២ឆ្នាំចុងក្រោយនេះ៕