(បាងកក)៖ រដ្ឋមន្រ្តីមហាផ្ទៃថៃលោក អនុពង្ស ផៅចិន្តា (Anupong Paochinda) បានបង្គាប់ឲ្យអភិបាលនៅខេត្តភាគខាងជើងប្រទេសទាំងអស់ រៀបចំចាត់ចែងការជម្លៀសខ្លួនប្រជាជនចេញទៅកាន់ទីសុវត្ថិភាព ខណៈដែលកម្ពស់ទឹកនៅឯដងទន្លេមេគង្គ នៅតែបន្តកើនឡើងយ៉ាងគំហុក។ នេះបើតាមការដកស្រង់ការផ្សាយចេញពីទីភ្នាក់ងារព័ត៌មានចិន ស៊ីនហួរ នៅរសៀលថ្ងៃពុធ ទី០១ ខែសីហា ឆ្នាំ២០១៨។
ចាប់តាំងពីថ្ងៃអង្គារម្សិលមិញ ទឹកទន្លេមេគង្គបានចាប់ផ្តើមច្រាលចេញទៅកាន់តំបន់នានានៅជាប់មាត់ច្រាំង ក្នុងខេត្តមូកដាហាន (Mukdahan) ខណៈស្ថាប័នទប់ស្កាត់ និងបង្ការគ្រោះមហន្តរាយថៃ បានសេចក្តីប្រកាសអាសន្នថា ខេត្តចំនួន ២០ នៅភាគខាងជើងប្រទេសកំពុងស្ថិតក្រោមហានិភ័យនៃគ្រោះមហន្តរាយទឹកជំនន់ ដោយសារតែការកើនឡើងនៃកម្រិតទឹកភ្លៀងធ្លាក់។
ក្នុងចំណោមនោះខេត្ត ឈាងរ៉ៃ (Chiang Rai) និងខេត្តទាំង០៦នៅភាគឦសាន រួមមានដូចជា Mukdahan, ណាខន ផាណុម (Nakhon Phanom), សាខុន ណាខុន (Sakon Nakhon), យ៉ាសុធន (Yasothon), រ៉យអេត (Roi Et), និង អ៊ូបុន រ៉ាតចាថានី (Ubon Ratchathani) ត្រូវបានព្រមានជាពិសេសអំពីគ្រោះទឹកជំនន់ ដែលចេញមកពីដងទន្លេមេគង្គ ដោយសារតែការបន្តធ្លាក់ភ្លៀងយ៉ាងខ្លាំងក្លា នៅភាគខាងជើង និងកណ្តាលឡាវ។ ជាមួយគ្នានេះ មនុស្សមួយចំនួនក៏បានបាត់បង់ជីវិតផងដែរ។
គួរជម្រាបថា បើតាមការព្យាការណ៍របស់ទីភ្នាក់ងារឧតុនិយមថៃ ប្រមាណ ៧០ភាគរយនៃតំបន់ភាគខាងជើង និងភាគឦសានប្រទេស នឹងកើតមានព្យុះភ្លៀង និងផ្គរ-រន្ទះច្រើន នារហូតដល់ចុងសប្តាហ៍នេះ ខណៈតំបន់ផ្សេងៗទៀតនឹងមានការធ្លាក់ភ្លៀងតិចតួចជាង។ គ្រោះទឹកជំនន់ ជាទូទៅតែងបានបង្កការវាយលុកខ្លាំងក្លា នៅប្រទេសថៃ នាអំឡុងខែតុលា ខណៈគ្រោះទឹកជំនន់ដ៏ធំនៅរាជធានីបាងកក បានកើតឡើងកាលពីឆ្នាំ២០១១ ដែលបានបង្កការខូចខាតរាប់ពាន់លានបាត៕