(ម៉ូស្គូ)៖ អ្នករចនាម៉ូដជនជាតិរុស្ស៊ីម្នាក់ឈ្មោះ Alex Shtanuk បានផ្តួចផ្តើមយុទ្ធនាការមួយសម្រាប់កម្រាលទំហំ ១០,០០០ម៉ែត្រក្រឡា ដែលលោកបានបង្កើតឡើងចេញពីតង់ ឬភួយអវកាសរបស់អង្គការ NASA ដើម្បីតាំងបង្ហាញនៅក្នុងព្រឹត្តិការណ៍ឈ្មោះថា Burning Man នាឆ្នាំ២០១៨នេះ នៅតំបន់វាលខ្សាច់ Black Rock នៃរដ្ឋ Nevada សហរដ្ឋអាមេរិក។ នេះបើតាមការដកស្រង់ការផ្សាយចេញពីវែបសាយ Arch Daily នៅរសៀលថ្ងៃពុធ ទី០១ ខែសីហា ឆ្នាំ២០១៨។
កម្រាលពណ៌ទឹកប្រាក់ដ៏ធំសម្បើមនេះ ត្រូវបានបង្កើតឡើងពីកម្រាលភួយអវកាសរបស់ NASA ចំនួន ៣,៣៥០បន្ទះ ដែលអាចស្រូប និងបំផ្លាតកម្តៅវិទ្យុសកម្មបានដល់ទៅ ៩៧ភាគរយ។ កម្រាលភួយយក្សនេះ នឹងផ្តល់ជាម្លប់លើបរិវេណដ៏ល្វឹងល្វើយ សម្រាប់អ្នកចូលរួមក្នុងព្រឹត្តិការណ៍ប្រចាំឆ្នាំ Burning Man អាចសម្រាក ឬរាំលេងកម្សាន្តបាននាពេលថ្ងៃ ហើយវានឹងផ្លាស់ប្តូររូបរាងរបស់វាទៅតាមឥទ្ធិពលនៃកម្លាំងខ្យល់។
គម្រោងខាងលើ ត្រូវការថវិកាប្រមាណ ១៧,៥០០ដុល្លារ សម្រាប់បរិក្ខាចាំបាច់ផ្សេងៗ អេស្កាវាទ័រមួយគ្រឿង ព្រមទាំងការជួលសម្ភារៈ ក៏ដូចជាថ្លៃដឹកជញ្ជូនពីប្រទេសរុស្ស៊ី ទៅកាន់ Black Rock នៅមុនចុងសប្តាហ៍នេះ។
គួរជម្រាបថា ភួយអវកាស ឬ Space Blanket របស់ NASA គឺជាភួយមានទម្ងន់ស្រាល បង្កើតឡើងពីកម្រាលផ្លាស់ស្ទិចដ៏ស្តើង ដែលបំផ្លាតកម្តៅ ដោយភាគច្រើនពួកវាត្រូវគេប្រើប្រាស់ ដើម្បីស្រោបពីខាងក្រៅយានអវកាស សម្រាប់ការគ្រប់គ្រងកម្តៅ និងប្រើប្រាស់ដោយមនុស្ស ដើម្បីកាត់បន្ថយកាត់ថយចុះកម្តៅក្នុងខ្លួន៕