(មិចស៊ីកូ)៖ អាជ្ញាធរអាកាសចរណ៍ស៊ីវិលមិចស៊ីកូ បានអះអាងជាបឋមថា មូលហេតុដែលបណ្ដាលឱ្យយន្ដហោះ របស់ក្រុមហ៊ុនអាកាសចរណ៍អ៊ែរ៉ូមិចស៊ីកូ (Aeromexico) ធ្លាក់គឺអាចបណ្ដាលមកពីបញ្ហាអាកាសធាតុអាក្រក់។ ទន្ទឹមគ្នា ក្រុមអាជ្ញាធរក៏បានកែតម្រូវព័ត៌មានឡើងវិញដែរ ដោយបញ្ជាក់ថាមានអ្នកជិះនៅលើយន្ដហោះនេះទាំងអស់ ១០៣នាក់។ នេះបើតាមការចេញផ្សាយដោយ សារព័ត៌មាន CGTN នៅរសៀលថ្ងៃពុធ ទី០១ ខែសីហា ឆ្នាំ២០១៨។
យន្ដហោះផ្ទុកអ្នកដំណើរ ១០៣នាក់ របស់ក្រុមហ៊ុនអាកាសចរណ៍ អ៊ែរ៉ូមិចស៊ីកូ (Aeromexico) បានធ្លាក់នៅឯភាគខាងជើងរដ្ឋ ឌូរ៉ាងហ្គោ (Durango) ប្រទេសមិចស៊ីកូ ប៉ុន្តែជាសំណាងល្អមិនមានអ្នកបាត់បង់ជីវិតឡើយ។ ដោយឡែក ជុំវិញហេតុការណ៍ ធ្លាក់ យន្ដហោះនេះដែរ អភិបាលរដ្ឋ Durango លោក ចូសេ អេស្ពឺរ៉ូ (Jose Aispuro) បានអះអាងថាគ្មានអ្នកបាត់បង់ជីវិតនោះទេ បើទោះជាមានមនុស្ស៨៥នាក់រងរបួសក៏ដោយ។
លោកបន្ថែមថា យន្ដហោះមានជើងហោះហើរ AM2431 បានធ្វើដំណើចាកចេញពី អាកាសយានដ្ឋានអន្តរជាតិ ហ្គាដាលូប៉េ វីតូរៀ (Guadalupe Victoria) ឆ្ពោះទៅកាន់ទីក្រុង Mexico City ប៉ុន្តែស្រាប់តែធ្លាក់នៅ ក្បែរអាកាសយានដ្ឋានក្រោយ ពេលហោះឡើងបានបន្តិច។ ចំណែកឯ ឈ្មោះ និងសញ្ជាតិរបស់អ្នកដំណើរមិនទាន់ត្រូវបានបញ្ជាក់នៅឡើយទេដោយគ្រាន់តែគេដឹងថា យន្ដហោះនេះផ្ទុកអ្នកដំណើរ ៩៩នាក់ និងក្រុមបម្រើការងារលើយន្តហោះ ០៤នាក់ រីឯមនុស្ស ៤៩នាក់ កំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យ ហើយពីរនាក់ទៀតរបួសធ្ងន់។
គួរបញ្ជាក់ថា គ្រោះថ្នាក់ធ្លាក់យន្ដហោះនេះ បានកើតឡើងនៅម៉ោង ៣៖៤០នាទីរសៀល ថ្ងៃអង្គារ (ម៉ោងនៅក្នុងតំបន់) ហើយសាក្សីជាអ្នកដំណើរជាច្រើននាក់ក៏បាននិយាយដែរថា ខ្យល់បានបក់បោកយ៉ាងខ្លាំងលើយន្ដហោះ រហូតដល់ពីឡុតត្រូវបង្ខំចិត្តចុះចតជាបន្ទាន់៕