(តេហេរ៉ង់)៖ មន្ត្រីជាន់ខ្ពស់អ៊ីរ៉ង់បានច្រានចោលការលើកឡើង របស់ប្រធានាធិបតីអាមេរិកលោក ដូណាល់ ត្រាំ ដែលថា លោកអាចជួបជាមួយប្រធានាធិបតីអ៊ីរ៉ង់លោក ហាសាន់ រូហានី បានគ្រប់ពេលវេលាដោយគ្មានលក្ខខណ្ឌ ហើយបានចាត់ទុកថា វាគឺរឿងដ៏អាម៉ាស់ ខណៈសហរដ្ឋអាមេរិកនៅតែបន្តគំរាម ដាក់ទណ្ឌកម្មប្រឆាំងនឹងទីក្រុងតេហេរ៉ង់។ នេះបើតាមការចេញ ផ្សាយដោយទីភ្នាក់ងារសារព័ត៌មានចិនស៊ីនហួរ នៅថ្ងៃពុធ ទី០១ ខែសីហា ឆ្នាំ២០១៨។
លោក ដូណាល់ ត្រាំ កាលពីថ្ងៃចន្ទបានអះអាងថា លោកអាចនឹងជួបជាមួយប្រធានាធិបតីអ៊ីរ៉ង់លោក ហាសាន់ រូហានី បានគ្រប់ពេលវេលាដោយគ្មានលក្ខខណ្ឌទុកជាមុន។ ប៉ុន្តែថ្លែងបា្រប់សារព័ត៌មានរដ្ឋ IRNA នៅថ្ងៃអង្គារសប្ដាហ៍នេះ អ្នកនាំពាក្យក្រសួងការបរទេសអ៊ីរ៉ង់លោក បាហ៍រ៉ាម កាសេមី (Bahram Qasemi) បានទាត់ចោលការលើកឡើងនេះ។ អ្នកនាំពាក្យរូបនេះបានគូសបញ្ជាក់យ៉ាងដូច្នេះថា «មកទល់នឹងពេលនេះ មិនមានការទំនាក់ទំនងណាមួយតាមផ្លូវការទូត ក្នុងការរៀបចំភាពចាបាច់នានា សម្រាប់ដំណើរទស្សនកិច្ចនោះទេ»។
គួរបញ្ជាក់ថា រដ្ឋមន្ត្រីមហាផ្ទៃអ៊ីរ៉ង់ លោក អាបឌុលរេហ្សា រ៉ាម៉ានី ហ្វាសលី (Abdolreza Rahmani Fazli) ក៏បាននិយាយដែរថា អ៊ីរ៉ង់មិនអាចជឿជាក់លើសហរដ្ឋអាមេរិក ក្នុងនាមជាដៃគូចរចាឡើយ ពីព្រោះថាការដកខ្លួនដោយខុសច្បាប់ និងឯកតោភាគីរបស់ទីក្រុងវ៉ាស៊ីនតោនចេញ ពីកិច្ចព្រមព្រៀងនុយក្លេអ៊ែរអ៊ីរ៉ង់ឆ្នាំ២០១៦៕