(អាមេរិក)៖ គ្រីស្តាល់ពណ៌ខៀវដ៏កម្រ និងចំណាស់ដែលមានប្រភពមកពីជំនាន់ដំបូងៗនៃការកកើតនៃប្រព័ន្ធព្រះអាទិត្យ កំពុងជួយឲ្យផ្តល់ចម្លើយដល់ភាពមន្ទិលសង្ស័យជាយូរណាស់មកហើយ ដែលថាព្រះអាទិត្យទើបនឹងកើត គឺមានការបញ្ចេញសកម្មភាពយ៉ាងខ្លាំងក្លា។ នេះបើតាមលទ្ធផលសិក្សាថ្មីមួយ ដកស្រង់ដោយវែបសាយ Space.com នៅព្រឹកថ្ងៃពុធ ទី០១ ខែសីហា ឆ្នាំ២០១៨។
នាដំបូងឡើយតារាវិទូបានរកឃើញថា ពពួកផ្កាយជាទូទៅមានថាមពលយ៉ាងសកម្ម នៅអំឡុងជំនាន់ដំបូងៗនៃដំណើរវិវត្តន៍របស់វា ហើយអ្នកវិទ្យាសាស្រ្តមានការសង្ស័យថា វាពិតដូចគ្នាសម្រាប់ព្រះអាទិត្យយើង ក្រោយពីផ្កាយមួយដួងនេះ បានចាប់កំណើតឡើងកាលពី ៤.៦ពាន់លានឆ្នាំមុន។
យ៉ាងណាមិញ ការរកភស្តុតាងដើម្បីបញ្ជាក់ពីសម្មតិកម្មខាងលើ គឺជាបញ្ហាប្រឈមដ៏លំបាក ពីព្រោះថាវាមិនងាយនឹងស្វែងរកវត្ថុដែលបានកត់ត្រាថា តើព្រះអាទិត្យវ័យក្មេងមានលក្ខណៈយ៉ាងដូចម្តេច ហើយអាចឆ្លងកាត់រយៈពេលរាប់ពាន់លានឆ្នាំមកដល់សព្វថ្ងៃនេះ ដោយពុំមានបញ្ហានោះឡើយ។
ដោយឡែក ដើម្បីតាមប្រមាញ់រកភស្តុតាងដ៏កម្របែបនេះ អ្នកស្រាវជ្រាវបានចាប់ផ្តើមវិភាគទៅលើគំរូតាងផ្សេងៗ មកពីអាចម៍ផ្កាយ Murchison ដែលបានធ្លាក់កាលពីឆ្នាំ១៩៦៩ នៅក្បែរក្រុង Murchison ក្នុងរដ្ឋ Victoria ប្រទេសអូស្រ្តាលី។ អាចម៍ផ្កាយនេះ ដែលកំពុងរក្សាទុកនៅសារមន្ទីរ The Field Museum ក្នុងទីក្រុង Chicago របស់សហរដ្ឋអាមេរិក មានប្រភពមកពីជំនាន់កកើតដំបូងៗនៃប្រព័ន្ធព្រះអាទិត្យ ហើយមានម៉ូលេគុលសារីរាង្គយ៉ាងច្រើនសន្ធឹកសន្ធាប់។
គួរជម្រាបថា ខណៈសំណុំធូលី និងឧស្ម័នយក្ស ដែលនៅជុំវិញព្រះអាទិត្យ បានថយចុះសីតុណ្ហភាពកាលពីប្រមាណ ៤.៥ពាន់លានឆ្នាំមុន សារធាតុរ៉ែដំបូងៗបំផុត ក៏បានចាប់ផ្តើមកកើតឡើង ហើយក្នុងនោះក៏មានគ្រីស្ទាល់ទឹកកកពណ៌ខៀវដែលគេហៅថា Hibonites ផងដែរ៕