(មិចស៊ីកូ)៖ យន្ដហោះផ្ទុកអ្នកដំណើរ ១០១នាក់ របស់ក្រុមហ៊ុនអាកាសចរណ៍ អ៊ែរ៉ូមិចស៊ីកូ (Aeromexico) បានធ្លាក់នៅឯភាគខាងជើងរដ្ឋ ឌូរ៉ាងហ្គោ (Durango) ប្រទេសមិចស៊ីកូ ប៉ុន្តែជាសំណាងល្អមិនមានអ្នកបាត់បង់ជីវិតឡើយ។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មានចិន ស៊ីនហួរ នៅព្រឹកថ្ងៃពុធ ទី០១ ខែសីហា ឆ្នាំ២០១៨។
ជុំវិញហេតុការណ៍ធ្លាក់យន្ដហោះនេះដែរ អភិបាលរដ្ឋ Durango លោក ចូសេ អេស្ពឺរ៉ូ (Jose Aispuro) បានអះអាងថាគ្មានអ្នកបាត់បង់ជីវិតនោះទេ បើទោះជាមានមនុស្ស ៨៥នាក់រងរបួសក៏ដោយ។ លោកបន្ថែមថា យន្ដហោះមានជើងហោះហើរ AM2431 បានធ្វើដំណើចាកចេញពី អាកាសយានដ្ឋានអន្តរជាតិ ហ្គាដាលូប៉េ វីតូរៀ (Guadalupe Victoria) ឆ្ពោះទៅកាន់ទីក្រុង Mexico City ប៉ុន្តែស្រាប់តែធ្លាក់នៅ ក្បែរអាកាសយានដ្ឋានក្រោយពេលហោះឡើងបានបន្តិច។
គួរបញ្ជាក់ថា គ្រោះថ្នាក់ធ្លាក់យន្ដហោះនេះបានកើតឡើងនៅម៉ោង ៣៖៤០នាទីរសៀល ថ្ងៃអង្គារ (ម៉ោងនៅក្នុងតំបន់) ហើយបើតាមសាក្សីមូលហេតុធ្លាក់គឺអាចបណ្ដាលមកពីខ្យល់បក់ខ្លាំង ដែលបានបង្ខំឱ្យយន្ដហោះចុះចតជាបន្ទាន់។ ដោយឡែកឈ្មោះ និងសញ្ជាតិរបស់អ្នកដំណើរមិនទាន់ត្រូវបានបញ្ជាក់នៅឡើយទេ ដោយគ្រាន់តែគេដឹងថា យន្ដហោះនេះផ្ទុកអ្នកដំណើរ ៩៧នាក់ និងអាកាសយាននិក ០៤នាក់ រីឯមនុស្ស ៣៧នាក់ កំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យ ហើយពីរនាក់ទៀតរបួសធ្ងន់៕