(ពិភពលោក)៖ នៅថ្ងៃអង្គារ ទី៣១ ខែកក្កដា ឆ្នាំ២០១៨នេះ ព្រឹត្តិការណ៍អន្តរជាតិសំខាន់ៗ ជាច្រើនបានកើតឡើង រួមមានទាំង ព្រឹត្តិការណ៍នយោបាយ និងស្ថានការណ៍ទូទាំងសកលលោកដ៏គួរឲ្យចាប់អារម្មណ៍ជាច្រើន។ ដូច្នេះបើចង់ដឹងថាតើព្រឹត្តិការណ៍រូបភាពប្រចាំថ្ងៃនេះមានអ្វីខ្លះនោះសូមទស្សនាដូចខាងក្រោម៖
១៖ ផ្កាយរណបស៊ើបការណ៍របស់សហរដ្ឋអាមេរិក ចាប់បានសញ្ញានៃការធ្វើសកម្មភាពសាជាថ្មីនៅឯរោងចក្រ កូរ៉េខាងជើងផលិតមីស៊ីលឆ្លងទ្វីប ICBM ដែលមានសមត្ថភាពបាញ់ដល់ទឹកដីសហរដ្ឋអាមេរិក៕
២៖ កម្រិតសីតុណ្ហភាពទឹកសមុទ្រខ្ពស់ខុសប្លែកពីធម្មតា បានបង្ខំឲ្យរោងចក្រថាមពលនុយក្លេអ៊ែរមួយកន្លែង នៅក្នុងប្រទេសស៊ុយអែតផ្អាកដំណើរការជាបណ្តោះអាសន្ន៕
៣៖ មនុស្សសរុប១០នាក់ហើយបានស្លាប់ និងច្រើនជាង ១០០,០០០នាក់ ត្រូវបង្ខំចិត្តចាកចេញពីផ្ទះសម្បែងរបស់ពួកគេ ក្រោយភ្លៀងមូសុងជន់លិចភូមិជាច្រើននៅឯតំបន់ភាគកណ្ដាល និងភាគខាងត្បូងប្រទេសមីយ៉ាន់ម៉ា៕
៤៖ ក្រុមអ្នកវិទ្យាសាស្រ្តបានធ្វើឲ្យពួកសត្វព្រូនមួយប្រភេទ អាចរស់ឡើងវិញ ក្រោយពីពួកវាបានកកជាប់នៅក្នុងតំបន់ដ៏ត្រជាក់ «ស៊ីបេរី» នៃប្រទេសរុស្ស៊ី អស់រយៈពេលជិត ៤២,០០០ឆ្នាំ៕
៥៖ ក្រសួងការបរទេសអាមេរិកបានឲ្យដឹងថា ប្រមុខការទូតអាមេរិកលោក ម៉ៃក៍ ប៉ុមប៉េអូ (Mike Pompeo) នឹងធ្វើដំណើរទៅកាន់តំបន់អាស៊ីអាគ្នេយ៍នាខែក្រោយនេះ ដើម្បីជជែកពិភាក្សាអំពីទំនាក់ទំនងទ្វេភាគី និងបញ្ហាផ្សេងៗក្នុងតំបន់ជាមួយប្រទេសចំនួន ០៣៕
៦៖ លោក អាហ្សារូដឌីន អាប់ឌុល រ៉ាម៉ាន់ (Azharuddin Abdul Rahman) ដែលជាប្រធានអាជ្ញាធរអាកាសចរណ៍ស៊ីវិលម៉ាឡេស៊ី នៅពេលជើងហោះហើរ MH370 របស់ក្រុមហ៊ុនអាកាសចរណ៍ Malaysia Airlines បាត់ខ្លួនយ៉ាងអាថ៌កំបាំង បានសម្រេចចិត្តលាលែងពីដំណែងហើយនៅថ្ងៃអង្គារនេះ បួនឆ្នាំបន្ទាប់ពីសោកនាដកម្ម៕